រដ្ឋមន្ត្រី៣រូប បើកវេទិកាជាតិលើកទី១ ក្នុងការជំរុញផលិតផលសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅខេត្តសៀមរាប
(សៀមរាប)៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវេទិកាជាតិលើកទី១ ស្តីពី «ការជំរុញផលិតផលសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ» ដោយមានចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ អភិបាលខេត្តសៀមរាប វិស័យឯកជន សិប្បករ ផលិតករ និងភាគីពាក់ព័ន្ធជាច្រើនរូប នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប ។
នាឱកាសនោះលោកស្រី ចម និម្មល បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប ក្នុងស្មារតីបំពេញឱ្យគ្នាទៅវិញទៅមក សំដៅជំរុញផលិតផលសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរ។
ក្នុងឱកាសនោះលោកស្រីរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ផលិតផលសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរ មិនមែនគ្រាន់តែជាវត្ថុអនុស្សាវរីយ៍ប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីអត្តសញ្ញាណ វប្បធម៌ ប្រពៃណី និងមរតករបស់ជាតិ ដែលមានសក្តានុពលខ្ពស់ក្នុងការបង្កើតតម្លៃបន្ថែម ជំរុញសេដ្ឋកិច្ចច្នៃប្រឌិត (Creative Economy) បង្កើនប្រាក់ចំណូលដល់ប្រជាជនមូលដ្ឋាន និងពង្រីកទីផ្សារនាំចេញ ៕






