ជនជាតិថៃ ២ នាក់ ប្លន់មិនបាន សម្លាប់បំបិទមាត់ អ្នកទេសចរជនជាតិរុស្ស៊ី ២ នាក់បងប្អូន កប់ចោលក្នុងព្រៃ

កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៦ កន្លងទៅ កម្លាំងសមត្ថកិច្ចថៃបានឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ នៅខេត្តស្រះកែវ ដែលជាឃាតកដៃដល់ក្នុងករណីចាប់ជំរិត និងសម្លាប់បងប្អូនជនជាតិរុស្ស៊ីពីរនាក់នៅក្រុងផាតាយ៉ា បន្ទាប់ពីរត់គេចខ្លួនអស់ជាច្រើនថ្ងៃ។
ជនរងគ្រោះក្នុងករណីនេះ មានឈ្មោះ Diana Nazimova អាយុ ២២ ឆ្នាំ (ស្រី) និង Roman Nazimova អាយុ ១៧ ឆ្នាំ ជាបងប្អូនប្រុស ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំង រួមជាមួយម៉ូតូ Honda ADV ១៥០ តាំងពីវេលាម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៦។
ដោយឡែក ជនសង្ស័យទី ១ ដែលត្រូវប៉ូលិសចាប់បាន គឺឈ្មោះ ថងឆៃ អាយុ ៣៩ ឆ្នាំ។ រូបគេត្រូវបានកម្លាំងប៉ូលិសដេញប្រមាញ់ បន្ទាប់ពីព្យាយាមជិះម៉ូតូគេចចេញពីប៉ុស្តិ៍ត្រួតពិនិត្យ និង បានសម្រេចចិត្តបោះបង់ម៉ូតូចោល រួចរត់ចូលទៅក្នុងព្រៃដើម្បីពួនសំងំ មុននឹងត្រូវសមត្ថកិច្ចឡោមព័ទ្ធចាប់ខ្លួនបាន។ មិនយូរប៉ុន្មានបន្ទាប់មក សមត្ថកិច្ចក៏បានឈានទៅដល់ការចាប់ខ្លួនជនសង្ស័យទី ២ ដែលជាមេខ្លោងឈ្មោះ ប៉ុង អាយុ ៤៣ ឆ្នាំ។ អ្វីដែលគួរឱ្យរន្ធត់នោះ គឺសមត្ថកិច្ចបានដកហូតបាននូវគ្រាប់បែកដៃចំនួន ២ គ្រាប់ និង កាំភ្លើងខ្លីមួយដើមប្រភេទ ៣៨ ពីខ្លួនជនសង្ស័យ ខណៈដែលគេកំពុងត្រៀមខ្លួនរត់គេចឆ្លងដែន។
ជនសង្ស័យទាំងពីរបានសារភាពថា មូលហេតុពិតប្រាកដដែលនាំឱ្យពួកគេសម្លាប់បងប្អូនជនជាតិរុស្ស៊ី គឺដោយសារពួកគេចង់ប្លន់យកម៉ូតូរបស់ជនរងគ្រោះ។ ក្នុងសកម្មភាពនោះ បងប្អូនជនជាតិរុស្ស៊ីទាំងពីរបានព្យាយាមតតាំងយ៉ាងខ្លាំង ទើបពួកគេសម្រេចចិត្តសម្លាប់បំបិទមាត់តែម្ដង។
ជនដៃដល់បានរៀបរាប់ពីទង្វើដ៏ឃោរឃៅរបស់ខ្លួនថា ពួកគេបានប្រើកាំភ្លើងបាញ់សម្លាប់ប្អូនប្រុស រីឯបងស្រីត្រូវបានពួកគេវាយនឹងដៃយ៉ាងដំណំរហូតដល់ស្លាប់បាត់បង់ជីវិត។ ក្រោយពេលសម្លាប់ហើយ ពួកគេបាននាំយកសាកសពបងប្អូនទាំងពីរទៅកប់លាក់ទុកនៅជើងភ្នំជីចាន់ រួចក៏នាំគ្នារត់គេចខ្លួនសំដៅទៅខេត្តស្រះកែវ។
កម្លាំងសមត្ថកិច្ចកំពុងធ្វើការសាកសួរយ៉ាងល្អិតល្អន់បំផុត ដើម្បីស្រាវជ្រាវរកការពិតបន្ថែមទៀតថាតើមានអ្នកចូលរួមផ្សេងទៀត ឬមានមូលហេតុជំរុញចិត្តអ្វីផ្សេងក្រៅពីការប្លន់យកម៉ូតូដែរឬទេ?៕

You might also like