ក្រុមការងារចុះមូលដ្ឋានខណ្ឌ៧មករា បាននាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឈគង់ចាំវស្សានៅវត្តទាំង០៣ នៃមូលដ្ឋានខណ្ឌ៧មករា
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌ៧មករា បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ចំនួន០៣ក្នុងមូលដ្ឋានខណ្ឌ៧មករា រួមមានវត្តព្រះពុទ្ធមានបុណ្យ វត្តសំពៅមាស និងវត្តមង្គលវ័ន ដែលពិធីនេះបានធ្វើឡើងក្នុងបរិវេណវត្តសំពៅមាស។
ការនាំយកទៀនវស្សាប្រគេនជូនព្រះសង្ឃធ្វើឡើង នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារគណបក្សមូលដ្ឋានខណ្ឌ៧មករា និងលោកជំទាវ ,លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ ,លោក ថេង សុថុល អភិបាលខណ្ឌ៧មករា និងលោកស្រី រួមទាំងមន្រ្តីនិងសង្កាត់ ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ក្នុងរដូវពេលចូលព្រះវស្សានេះ ។
ឯកឧត្តមបណ្ឌិត លី ឆេង បានមានប្រសាសន៍ លើកឡើងថា ដោយសារប្រទេសជាតិមានសុខសន្តិភាព ការរៀបចំពិធីបុណ្យសាសនាមិនថា តែសាសនាព្រះពុទ្ធនោះទេ គឺតែងបានប្រព្រឹត្តទៅមានលក្ខណៈអធិបអធ័ម និងសប្បាយជ្រះថ្លាជាទីបំផុត តាមជំនឿរបស់ប្រជាពលរដ្ឋរៀងៗខ្លួន ខណៈដែលវិស័យពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើនទន្ទឹមគ្នា។ ឯកឧត្តមបណ្ឌិត លី ឆេងបញ្ជាក់ថាក្នុងនាមជាពុទ្ធសាសនិក ជារៀងរាល់ឆ្នាំ តែងបាននាំយកទេយ្យទាន និងទៀនព្រះវស្សាប្រគេនដល់ព្រះសង្ឃតាមវត្តអារាមនានា តាមគន្លងប្រពៃណី ក្នុងរដូវកាលនេះ ។
ក្នុងឱកាសនោះ ព្រះបិដកធម្មមេ ម៉ៅ នីម ព្រះចៅអធិការវត្តព្រះពុទ្ធមានបុណ្យ និងជាព្រះអនុគន្ធខណ្ឌ៧មករា បានមានសង្ឃដីការ ថ្លែងអំណរគុណចំពោះកាយវិការដ៏ថ្លៃថ្លារបស់ឯកឧត្ដមបណ្ឌិត ព្រមទាំងសហការីនាពេលនេះ ដែលជាសកម្មភាពមួយបានឆ្លុះបញ្ជាំងឱ្យឃើញពីការចូលរួមចំណែកជួយទ្រទ្រង់ក្នុងវិស័យពុទ្ធសាសនា ដែលជាសាសនារបស់ប្រទេសកម្ពុជា នឹងគោរពប្រតិបត្តិដោយប្រជាជនកម្ពុជាភាគច្រើន។
សូមបញ្ជាក់ថា ពិធីបុណ្យចូលព្រះវស្សាមានរយៈពេលបីខែ គិតចាប់ពីថ្ងៃ១រោច ខែទុតិយាសាឍ រហូតដល់ទី១៥កើត ខែអស្សុជ។ ចូលព្រះវស្សាគឺជាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឲ្យព្រះសង្ឃសាវ័ក ប្រតិបត្តិដោយត្រូវគង់ចាំព្រះវស្សានៅក្នុងទីវត្តអារាម ដើម្បីសិក្សាព្រះធម៌វិន័យ និងប្រតិបត្តិតាមពុទ្ធបញ្ញត្ត ។ជាការទ្រទ្រង់ដល់ព្រះសង្ឃ នៅក្នុងរយៈបីខែនេះ ប្រជាពុទ្ធបរិស័ទតែងតែនាំយកនូវទេយ្យទាន ដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ ចីវរ សំពត់ សាដក និងគ្រឿងសម្ភារៈដ៏ទៃទៀតទៅប្រគេនព្រះសង្ឃតាមវត្តអារាម ៕






