បុរសម្នាក់ ប្រចណ្ឌប្រពន្ធ បែរជាដុតផ្ទះខ្លួនឯងឆេះហ្មត់ ភូមិព្រៃជ្រាវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានប្រពន្ធដាក់ពាក្យប្ដឹងឲ្យនគរបាលឃាត់ខ្លួន ខណៈដែលប្រចណ្ឌប្រពន្ធខ្លួន ឯងជាមួយអ្នកដទៃហើយទាញកាំបិតផ្គាក់ កាប់ពាងបែកអស់២ មិនតែប៉ុណ្ណោះថែមទាំដុតផ្ទះខ្លួនឯងឆេះហ្មត់ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្ដាលថ្ងៃត្រង់ ។ ករណីប្ដីប្រចណ្ឌប្រពន្ធ បំផ្លាញទ្រព្យសម្បត្តិ និងដុតផ្ទះខ្លួនឯងបានកើតឡើង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងភូមិព្រៃជ្រាវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកសំរោងទងបាននិយាយដឹងថា បុរសជាប្ដីដែលនគរបាលឃាត់ខ្លួនមានឈ្មោះ ជីប ចិត្ត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិព្រៃជ្រាវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានប្រពន្ធឈ្មោះ នក់ ស៊ីណា អាយុ៣៦ឆ្នាំ និងកូន បានដាក់ពាក្យបណ្ដឹងទៅលើប្ដីឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ព្រោះតែរឿងប្រចណ្ឌ និងបានដុតផ្ទះរបស់ខ្លួនឯងឆេះអស់១ខ្នង ដែលមានទំហំ៥ម៉ែត្រ គុណនិង៧ម៉ែត្រ ធ្វើអំពីឈើលើថ្មក្រោម ដំបូលប្រក់ស៊ីប្រូ ជញ្ជាំងក្តារ បណ្ដាលឱ្យឆេះអស់រងការខូច ខាតទាំងស្រុង ទោះបីជាមានការអន្តរាគមន៍ពីសមត្ថកិច្ចជួយពន្លត់យ៉ាងណាក៏ដោយ ព្រោះតែភ្លើងឆាបឆេះយ៉ាងឆាប់រហ័សពេក។
នគរបាលស្រុកសំរោងទងបានបន្តឲ្យដឹងទៀតថា ទំហំនៃការខូចខាតមាន
– ម៉ូតូចំនួន ១គ្រឿង
– កង់ចំនួន ២គ្រឿង
– គ្រែ ចំនួន៣ គ្រឿង
– ពូកចំនួន ២ និងឯកសារ សំលៀកបំពាក់មួយចំនួនទៀត ។ កម្លាំងព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្ដិសែនដី បានឃាត់ឈ្មោះខាងលើ មកសាកសួរហើយបានឆ្លើយសារភាពពិតជាបានដុតផ្ទះពិតប្រាកដមែន ។
បើតាមការឲ្យដឹងពីឈ្មោះ នក់ ស៊ីណា អាយុ ៣៦ឆ្នាំ ( ជាប្រពន្ធ ) បានប្រាប់សមត្ថកិច្ចឲ្យដឹងថា មូលហេតុដែលប្ដីរបស់គាត់បំផ្លាញទ្រព្យសម្បត្តិនិងដុតផ្ទះចោលបែបនេះព្រោះតែ ប្រចណ្ឌប្រពន្ធ ជាមួយអ្នកដទៃ ។ នគរបាលស្រុកសំរោងទងបានបញ្ជាក់ឲ្យដឹងថា ក្រោយឃាត់ខ្លួនបុរសជាប្ដីដកហូតបាន កាំបិតផ្គាក់ ១ដើមកាន់ជាប់នឹងខ្លួន។
បុរសជាប្ដី នគរបាលស្រុកសំរោងទង កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋានក៏បានខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕






