UN៖ ការខូចខាតហេដ្ឋារចនាសម្ព័ន្ធនៅភាគខាងត្បូងលីបង់ ធ្វើឲ្យប៉ះពាល់ដល់ការវិលត្រឡប់របស់ប្រជាពលរដ្ឋ
អង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងកាលពីថ្ងៃសុក្រថា ខ្លួនមានការព្រួយបារម្ភថា ការខូចខាតប្រព័ន្ធផ្គត់ផ្គង់ទឹក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅភាគខាងត្បូងប្រទេសលីបង់ កំពុងប៉ះពាល់ដល់ប្រជាជនជាង ១ លាននាក់ ដែលបានវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញ បន្ទាប់ពីការផ្លាស់ទីលំនៅ។
ការវាយតម្លៃបឋមរបស់ស្ថាប័នផ្គត់ផ្គង់ទឹកតំបន់ភាគខាងត្បូងលីបង់ បានរកឃើញថា ការខូចខាតប្រព័ន្ធផ្គត់ផ្គង់ទឹកនៅខេត្តខាងត្បូង និង Nabatieh បានរំខានដល់ការទទួលបានទឹកស្អាតសម្រាប់ប្រជាពលរដ្ឋជាង ៧០០.000 នាក់។ នេះបើតាមការបញ្ជាក់របស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA)។
OCHA បាននិយាយថា ការខូចខាតដល់អាងស្តុកទឹក ស្ថានីយបូមទឹក អណ្ដូងទឹក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត កំពុងបង្កើនហានិភ័យដល់សុខភាពសាធារណៈ ហើយក៏កំពុងប៉ះពាល់ដល់វិស័យកសិកម្ម និងជីវភាពរស់នៅរបស់ប្រជាជនផងដែរ។
OCHA បានឲ្យដឹងថា ប្រជាជនជាង ៨២១.000នាក់ បានវិលត្រឡប់ទៅកាន់សហគមន៍របស់ពួកគេវិញ ប៉ុន្តែនៅតែមានមនុស្សប្រមាណ ៣៦០.000 នាក់ កំពុងបន្តផ្លាស់ទីលំនៅ ដោយក្នុងនោះមានប្រហែល ២៧.000នាក់ កំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្រករួម៕






