អាជ្ញាធរខត្តបន្ទាយមានជ័យ រៀបចំការចាប់ឆ្នោត ជ្រើសរើសតូបលក់ដូរ សម្រាប់អាជីវករភៀសសឹក នៅភូមិរង់ចាំ ជំហានដំបូងប្រមា ណ៣០០តូប
បន្ទាយមានជ័យ ៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត រួមនឹងក្រុមការងារខេត្ត ស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោត ជ្រើសរើសតូបលក់ដូរ សម្រាប់បងប្អូនអាជីវ ករដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពាន ពីសំណាក់យោធាថៃ រំលោភមកលើអធិបតេយ្យភាពរបស់កម្ពុជា ខណៈ ផ្ទះសំបែងរបស់ពួកគាត់ត្រូវភាគីថៃគ្រប់គ្រងទាំងកម្រោល មិនទាន់អាចវិលត្រលប់ទៅលំនៅឋានបាន។
ដោយមានការគិតគូរពីប្រមុខថ្នាក់ដឹកនាំក្រោមការដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា តាមរយៈ ក្រុមការងារដែលមានឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល ខេត្ត ជាពិសេស ឯកឧត្ដម កែ គឹមយ៉ាន ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងលោកជំទាវ បានផ្តល់ដីចំនួន៤០០ហិកតា ជូនរាជរដ្ឋាភិបាល សម្រាប់រៀបចំជម្រកសមរម្យសម្រាប់បងប្អូនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន ដោយបានផ្ដល់ ដី និងផ្ទះ ជូនពួកគាត់រស់នៅ ប្រកបរបនៅក្នុងភូមិរង់ចាំ ស្ថិត នៅ ឃុំស្លក្រាម ស្រុកស្វាយចេក ។
ជាមួយគ្នានោះសម្រាប់បងប្អូនអាជីវករ ភៀសសឹក រាជ រដ្ឋាភិបាល ក៏បានរៀបចំឱ្យមានផ្សារសម្រាប់លក់ដូរទំនិញផងដែរ ក្រោយមានការរៀបចំរួច រាល់ អាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏បានរៀបចំពិធីចាប់ឆ្នោត ដើម្បីឱ្យបងប្អូនអាជីវករជនភៀសសឹក ទទួលបានតូបលក់ដូរ សមរម្យ សម្រាប់លក់ដូរប្រកបរបរចិញ្ចឹមជីវិត ។ ចំពោះបងប្អូនអាជីវករដែលបានដាក់ពាក្យស្នេីសុំ អាជ្ញា ធរខេត្ត ស្រុក និងមូលដ្ឋាន បានធ្វេីការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងម៉ត់ចត់ មុនឈានដល់ការបោះឆ្នោត ដែលដំណាកកាលទី១ មានចំនួនជាង៣០០តូប ជំហានបន្ទាប់អាជ្ញាធរនិងរៀបចំការចាប់ឆ្នោតចំពោះបងប្អូនអាជីវករដែលនៅសល់បន្តទៀត។
ក្នុងនោះអាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏បានធ្វើការសំណូមពរទៅដល់បងប្អូនអាជីវករ នៅពេលផ្សារចាប់ផ្តេីមដំណេីរការលក់ដូរ សូមចូលរួមធ្វើការថែរក្សានូវបរិស្ថានទាំងអស់គ្នា។ មួយវិញទៀតអាជ្ញាធរ ក៏បានបែងចែកទៅតាមប្រភេទនៃការលក់ដូរដោយឡែកពីគ្នា ដូចជា ឥវ៉ាន់ ចាប់ហួយ សម្លៀកបំពាក់មួយឡែក លក់ម្ហូបអាហារ គ្រឿងសមុទ្រ ត្រី សាច់មួយឡែក៕
ប្រភព ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ






