សមិទ្ធផលជាអំណោយរបស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់
(ស្ទឹងត្រែង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួមមានផ្លូវ អគារស្នាក់នៅ ផ្ទះបាយជាដើមជូនដល់ទីបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១។ សមិទ្ធផលទាំងអស់នោះ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦។
ពិធីសម្ពោធត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរង កងទ័ពជើងគោក។
សមិទ្ធផលនានា ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតរួមមាន៖ អគារស្នាក់នៅ ចំនួន ៣ខ្នង, ផ្ទះហូបបាយ ចំនួន ១ខ្នង បន្ទប់ស្នាក់នៅ ឃ្លាំងសម្ភារៈចំនួន ១ខ្នង របងថ្មបេតុង ប្រវែង ៩៥០ម៉ែត្រ ផ្លូវបេតុងចំនួន ១១ខ្សែ ប្រវែង ១,៣១២ម៉ែត្រ។
ឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានថ្លែងមតិស្វាគមន៍ និងរបាយការណ៍សង្ខេប ទៅកាន់អង្គពីធី និងបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន អគ្គភ័ស្តុភារជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវ ព្រមទាំងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក ដែលជានិច្ចជាកាលតែងគិតគូរយកចិត្តទុកដាក់សុខទុក្ខ ចំពោះការរស់នៅរបស់កងទ័ព ខែរងារ ផ្តាល់អាវរងារ ខែភ្លៀង ផ្តល់អាវភ្លៀង និងថវិកា សម្ភារៈ និងស្បៀងអាហារមួយចំនួន ធ្វើឱ្យកងទ័ពមានភាពកក់ក្ដៅ។
ឧត្តមសេនីយ៍ទោ មៀច សាមុត បានប្តេជ្ញាការពារបូរណភាពទឹកដី ការពារសន្តិភាព ការពាររាជរដ្ឋាភិបាល និងគាំទ្រជានិច្ចលើការដឹកនាំរបស់សម្តេចមហាបវរធិបតី។ ដើម្បីឆ្លើយតបនឹងគុណបំណាច់ ដែលមិនអាចកាត់ថ្លៃបានចំពោះ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ឧត្តមសេនីយ៍ទោ មៀច សាមុត និងកងទ័ពនៃបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨ សូមគាំទ្រសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគ្រប់ៗអាណត្តិ។
ក្នុងឱកាសសំណេះសំណាលនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏បានពាំនាំការសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងបានកោតសរសើរមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចប្រកបដោយភាពអង់អាចក្លាហានគ្រប់កាលៈទេសៈ។ ជាពិសេសទោះក្នុងពេលសុខសន្តិភាព កងកម្លាំងរបស់ តែងតែបានចុះជួយសង្គ្រោះប្រជាពលរដ្ឋ ពីគ្រោះមហន្តរាយធម្មជាតិផ្សេងៗ បានយ៉ាងជោគជ័យ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានអំពាវនាវកងកម្លាំងបន្តគោរពអនុវត្តបទបញ្ញត្តិទាំង១០ របស់សម្តេចតេជោ និងបទបញ្ជាផ្សេងៗ របស់សម្តេចមហាបវរធិបតីឱ្យបានម៉ឹងម៉ាត់។
ក្នុងនោះឧត្តមសេនីយ៍ឯក អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរង កងទ័ពជើងគោក បានឧបត្ថម្ភថវិកា អង្ករ មី ត្រីខកំប៉ុង ដល់អង្គភាព និងប្រគល់អំណោយ ជូនដល់គ្រួសារទ័ព អតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលជួបការខ្វះខាតក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែ ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏បាននាំអំណោយសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ជូនអង្គភាព រួមមាន៖ ថវិកា ២៣.០០០.០០០រៀល, អង្ករ ៣០០០គក្រ, មី ៥០កេស និងត្រីខ ១០កេស៕





























































