សម្ដេចធិបតី ណែនាំឱ្យរៀបចំដំឡើងស័ក្តិ និងមេដាយពិសេសជូនវីរយុទ្ធជនការពារទឹក​ដីពីថៃ​ឈ្លានពាន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​ណែនាំ​ឱ្យ​ក្រសួង​ការពារ​ជាតិ​រៀប​ចំ​ការ​ដំឡើងស័ក្តិ និងរៀបចំមេដាយពិសេសជូនដល់វីរកងទ័ព វីរនគរបាល និង​វីរ​កង​រាជ​អាវុធ​ហត្ថ ​ដែលបានចូលរួមប្រយុទ្ធ៥ថ្ងៃ និង២១ថ្ងៃ នាពេលកន្លងទៅ បើទោះបី​ជាពួក​គេ​ទើប​តែចូ​ល​ប​ម្រើ​ក្នុងជួរកងកម្លាំងក៏ដោយ។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល​បាន​រម្លឹកនៅប្រសាសន៍សម្ដេច​តាម​រយៈ​សន្និសីទ​សារព័ត៌មាននៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦នេះ។​
ឯកឧត្តមបានថ្លែងថា ទន្ទឹមនឹងនោះ សម្តេច​នាយករដ្ឋ​មន្ត្រី​ក៏​បាន​ប្រកាស​លើក​លែង​ទាំង​ស្រុង​នូវ​ពន្ធ​ប្រថាប់​ត្រាលើ​ការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនទ្រព្យដល់វីរយុទ្ធជនដែលកំពុងឈរជើង ការពារទឹកដីនៅជួរមុខ។ ការផ្តល់ជូនជាពិសេស នេះគឺជាការលើកទឹកចិត្ត និងការ​ដឹង​គុណ​ចំពោះ​វីរ​ភាព​ដ៏អង់អាចក្លាហានរបស់ពួកគេ។ ប្រមុខរាជរដ្ឋាភិបាល បានចាត់​ទុក​ការ​ចែក​បណ្ណ​កម្ម​សិទ្ធិ​អចលន​ទ្រព្យ​ជូន​ប្រជាពលរដ្ឋ ក៏ជាផ្នែកមួយនៃការពង្រឹងការការពារជាតិដែរ តាមរយៈ​ការ​ជួយ​ជំរុញ​សេដ្ឋកិច្ច របស់ប្រជាពលរដ្ឋ។
សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ គ្រប់ទិសទី ដែលបាន​ពួត​ដៃ​គ្នា​គាំទ្រ​ដល់​វីរ​យុទ្ធ​ជន​នៅ​ជួរមុខ និងបានប្រកាសថា ទឹកចិត្តជាតិនិយមរបស់ពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន កំពុង​ពង្រឹង​សាមគ្គី​ជាតិខ្មែរ ដ៏រឹងមាំនៅពីក្រោយ រាជរដ្ឋាភិបាលដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​កាលៈទេសៈដែលកម្ពុជា ទទួលរងការឈ្លានពានទឹកដី៕

You might also like