សម្ដេច​ធីបតី ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិ​វិធី ​ប្រាប់​អ្នក​រាយការណ៍​ពិសេស ​UN

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើក​ពី​ការ​វិវត្ត​នៃ​ស្ថាន​ភាព​ព្រំដែន​កម្ពុជា-ថៃ ប្រាប់ លោក Thomas Andrews អ្នករាយការណ៍ពិសេស​អង្គ​ការ​សហ​ប្រជា​ជាតិ ​ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងបាន​គូស​បញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធីដោយផ្អែកលើច្បាប់ អន្តរជាតិ និង​អនុ​លោម​តាម​អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ។
បញ្ហានេះត្រូវបានធ្វើឡើងនាឱកាសដែលសម្តេចធិបតី បានអនុញ្ញាត ឱ្យ លោក Thomas Andrews ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី៣០ ខែ​កក្កដា ឆ្នាំ២០២៦។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បាន​រម្លឹកឡើងវិញនូវការ​លើកឡើង​របស់​ម្ដេច​ធិបតី តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦នេះថា អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុកសិទ្ធិមនុស្ស បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុក ដាក់ខ្ពស់របស់រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការជួយសង្គ្រោះ និងគាំទ្រជនភៀសសឹកដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ដែល​មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។
ឯកឧត្តមបន្តថា អ្នករាយការណ៍ពិសេស UN ក៏បានថ្លែង​អំណរគុ​ណរា​ជ​រដ្ឋាភិបាល​កម្ពុជា​ដែល​ទទួល​យក​លិខិតូបករណ៍ពាក់ព័ន្ធនឹងសិទ្ធិមនុស្សចំនួន៨លើ៩ ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្ត និង​ត្រៀមខ្លួនរួច​ជា​ស្រេច​ក្នុង​ការ​សហការ​ជាមួយ​កម្ពុជា​ក្នុង​ស្មារតី​ស្ថាបនា​ដោយ​ផ្អែក​លើ​ច្បាប់​ជាតិ​ និង​អន្តរជាតិ។
សម្តេចធិបតី បានលើកឡើងពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស និងសិទ្ធិសេរីភាពជាមូលដ្ឋាន ដោយផ្អែកលើច្បាប់ជាតិ និងលិខិតូបករណ៍អន្តរជាតិនានា ជា​ពិសេស ការលើកកម្ពស់សិទ្ធិទទួលបានសេវាថែទាំសុខភាព និងការអប់រំ ជាដើម។ សម្តេច​ធិបតី​បាន​សង្កត់ធ្ងន់ថា ការប្រើប្រាស់សិទ្ធិនិងសេរីភាពត្រូវធ្វើឡើងប្រកប ដោយ ការទទួល​ខុស​ត្រូវ ​និងស្របតាមដែនកំណត់នៃច្បាប់។
ក្នុងន័យនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យអ្នករាយការណ៍ពិសេស សរសេរ​របាយ​ការណ៍​ដោយ​ផ្អែក​លើព័ត៌មានគ្រប់ជ្រុងជ្រោយ និង ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សំដៅរួមចំណែក​ដល់​ការ​អនុវត្ត និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជាឱ្យកាន់តែល្អប្រសើរថែមទៀត។ អ្នករាយការណ៍​ពិសេស​ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក៏បង្ហាញការប្ដេជ្ញាចិត្ត សហការជា​មួយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ដើម្បីធ្វើការងារក្នុងស្មារតីស្ថាបនា៕

You might also like