លោក នេត្រ ភក្ត្រា៖ អំពើល្អរបស់មន្ត្រីគណបក្សបានធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត មកលើគណបក្សប្រជាជនកម្ពុជា
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា អំពើល្អរបស់មន្ត្រីគណបក្សបានធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យទទួលជ័យជម្នះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា។
ការលើកឡើងបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនាថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងលើកទិសដៅបន្ត ព្រមទាំងពិធីប្រកាសសមាសភាពបំពេញបន្ថែមគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន។ ពិធីនេះបានប្រព្រឹត្តទៅនៅវិមាន៧មករា ស្នាក់ការកណ្តាលគណបក្សប្រជាជន រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នៃក្រសួងព័ត៌មាន ព្រមទាំងសមាជិក សមាជិកាគណបក្សក្រសួងព័ត៌មានជាង ៨០០នាក់។
លោក នេត្រ ភក្ត្រា បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក និងសមាជិកាគណបក្សប្រជាជនកម្ពុជា ក្រសួងព័ត៌មានទាំងអស់ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃចូលរួមប្រជុំបូកសរុបការងារឆមាសទី១ និងលើកទិសដៅបន្ត ដើម្បីធ្វើយ៉ាងណាឱ្យមានភាពឹងមាំ និងមានការឯកភាពផ្ទៃក្នុងប្រកបដោយស្មារតីទទួលខុសត្រូវ។
នាឱកាសនោះដែរ លោក នេត្រ ភក្ត្រា ក៏បានក្រើនរម្លឹកដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សឱ្យបន្តថែរក្សាអំពើល្អ ខិតខំប្រឹងប្រែងបង្កើនអំពើល្អ និងមិនត្រូវឆ្អែតឆ្អន់នឹងអំពើល្អដែលបានធ្វើបម្រើប្រជាពលរដ្ឋឡើយ តាមរយៈផ្តល់សេវាសាធារណៈ សេវាសំណូមពរ និងសេវាតម្រូវការ។
លោក នេត្រ ភក្ត្រា បានបន្តថា បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រពីប្រជាពលរដ្ឋកាន់តែខ្លាំង និងទទួលបានបោះឆ្នោតគាំទ្រនៅរៀងរាល់ការបោះឆ្នោតដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ដោយសារតែប្រជាពលរដ្ឋមានជំនឿទុកចិត្តលើថ្នាក់ដឹកនាំគណបក្ស និងគណបក្សប្រជាជនកម្ពុជាផ្ទាល់ ព្រោះគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានភាពចាស់ទុំផ្នែកនយោបាយ ដើរតួនាទីស្នូលក្នុងការសង្គ្រោះជាតិ និងប្រជាជន នាំយកសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិពិតប្រាកដតាមរយៈការដាក់ចុះនូវកម្មវិធីនយោបាយដ៏ត្រឹមត្រូវ និងជាក់ស្តែងនិយមឆ្លើយតបនឹងការចង់បានរបស់ប្រជាពលរដ្ឋ។
ប្រធានគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន ក៏បានណែនាំបន្ថែមដល់ក្រុមការងារគណបក្សក្រសួងព័ត៌មាន ត្រូវពង្រឹងសមត្ថភាពសមាជិក សមាជិកាបក្សឱ្យកាន់តែរឹងមាំន្ថែមទៀត ទាំងគោលជំហរ ស្មារតី និងសតិអារម្មណ៍ ដើម្បីគ្រប់គ្រងឱ្យបាននូវស្ថានភាពពិត ព្រមទាំងចូលរួមដោះស្រាយបញ្ហាប្រឈម ការលំបាកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ក្នុងការផ្តល់ទំនុកចិត្តខ្ពស់។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា អំពើល្អដែលមន្ត្រីបក្សគ្រប់ជាន់ថ្នាក់បានបម្រើប្រជាពលរដ្ឋយ៉ាងសកម្មដោយមិនគិតពីការនឿយហត់ និងការលំបាកឡើយដើម្បីឆ្លើយតបនឹងបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋក្នុងការថែរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស គឺជាគំរូដ៏ល្អប្រកបដោយមោទកភាពសម្រាប់មន្ត្រីបក្សគ្រប់លំដាប់ថ្នាក់ក្នុងការបម្រើជាតិ និងប្រជាជន៕






