កម្ពុជា-អូស្ត្រាលី ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី​ ​ខណៈជាង ៣០ឆ្នាំមកនេះអូស្រ្តាលីផ្តល់ជំនួយជាង ១ ៣០០លានដុល្លារ

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០២៦ ​បានទទួលជួបពិភាក្សាការងារជាមួយលោកស្រីបណ្ឌិត Anne Aly រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍អន្តរជាតិ ក្រសួងធុរកិច្ចធុនតូច និងជារដ្ឋមន្រ្តីក្រសួងកិច្ចការពហុវប្បធម៌ នៃប្រទេសអូស្រ្តាលី នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ដែលជំនួបនេះបានគូសបញ្ជាក់ពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរ។​
​អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះលោកស្រីបណ្ឌិត Anne Aly ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលបានគាំទ្រកម្ពុជា ចាប់តាំងពីដំណើរការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ នាដើមទសវត្សរ៍ឆ្នាំ ១៩៩០ (សម័យកាលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ​ឆ្នំា១៩៩១-១៩៩២) រហូតមក ។ ទន្ទឹមនឹងការរួមចំណែកក្នុងការកសាងសន្តិភាព, ចាប់ពីឆ្នាំ ១៩៩២ មកដល់បច្ច្ចប្បន្ននេះ, រដ្ឋាភិបាលអូស្រ្តាលី បានផ្តល់ហិរញ្ញប្បទានឥតសំណងជូនរាជរដ្ឋាភិបាលកម្ពុជា មានទំហំសរុបប្រមាណជិត ២ ប៊ីលាន​ដុល្លារអូស្រ្តាលី (ប្រមាណ ១ ៣០០ លានដុល្លារអាម៉េរិក) សម្រាប់អភិវឌ្ឍន៍ដល់វិស័យផ្សេងៗរួមមាន​ វិស័យអប់រំ, កសិកម្ម, កិច្ចគាំពារសង្គមហេដ្ឋារចនាសម្ព័ន្ធ, ការបោសសំអាតមីន និងវិស័យសុខាភិបាល ជាដើម ។
ជាមួយគ្នានេះ​ តាមរយ:កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី​ រដ្ឋាភិបាលអូស្រ្តាលី ក៏បានផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) និងជំនួយទាន់ពេលក្នុងការឆ្លើយតបនឹងវិបត្តិថាមពលសកលដែលកម្ពុជាកំពុងជួបប្រទះ, ផ្តល់នូវកញ្ចប់អន្តរាគមន៍​សង្គមសម្រាប់គម្រោងលើកកម្ពស់កិច្ចគាំពារសង្គម និងសុខភាពដំណាក់​កាលទី២ (ISPH II), ជំនួយបច្ចេកទេសលើការអនុវត្តយន្តការអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (IDPoor) និងការអនុវត្តមូលនិធិសមធម៌សុខាភិបាល ជាដើម ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងគាំទ្រដល់ជីវភាពប្រជាពលរដ្ឋកម្ពុជា ដែលជាអាទិភាពក្នុងយុទ្ធសាស្ត្របញ្ច-កោណ ដំណាក់កាលទី​ ១ របស់រាជរដ្ឋាភិបាលកម្ពុជា ។
លោកស្រីបណ្ឌិត Anne Aly បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ របស់​អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី និងចំណងមិត្តភាពដ៏រឹងមាំ កម្ពុជា-អូស្រ្តាលី ។ ឆ្នាំក្រោយនេះ គឺជាខួបលើកទី ៧៥ នៃចំណងមិត្តភាពការទូតរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី, តាមរយះចំណងមិត្តភាពនេះ ភាគីអូស្រ្តាលី នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជា​មួយ​រដ្ឋាភិបាលកម្ពុជា ដោយផ្អែកតាមផែនការយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលីដល់ឆ្នាំ ២០៤០ ដែលកិច្ចសហប្រតិបត្តិការនេះនឹងផ្តោតលើតម្រូវការជាក់ស្តែង និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែរឹងមាំ។ អូស្រ្តាលី បន្តគាំទ្រ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយរាជរដ្ឋាភិបាលកម្ពុជា រួមចំណែកដល់ការអភិវឌ្ឍន៍ធនធានមនុស្ស, ការផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-អូស្រ្តាលី។
លោកជំទាវ ថែមទាំង​បានថ្លែងអំណរគុណផងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់ក្រុមហ៊ុនអូស្រ្តាលីដែលវិនិយោគនៅប្រទេសកម្ពុជា ទាំងលើក្របខណ្ឌគតិយុត្ត និងកិច្ចសម្រួលពាណិជ្ជកម្ម។
ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈគម្រោង និងកម្មវិធីជំនួយដែលធានាបាននូវប្រសិទ្ធភាព និងនិរន្តភាព ឆ្លើយតបនឹងអាទិភាព ក៏ដូចបន្ស៊ីគ្នារវាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេច​ចក្ខុវិស័យកម្ពុជាឆ្នាំ​ ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងផែនការយុទ្ធសាស្រ្តសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលី ឆ្នាំ ២០៤០ ។ ក្នុងនោះ​, វិស័យធំៗដូចជា៖ ពាណិជ្ជកម្ម, វិនិយោគ,ការកសាងសមត្ថភាពស្ថាប័ន និងការអភិវឌ្ឍន៍ធនធានមនុស្ស ។ ភាគីទាំងពីរ បានឯកភាព បន្តពង្រឹងការអនុវត្តគម្រោងសហប្រតិបត្តិការនានាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងផ្តល់ផលវិជ្ជមានពិតប្រាកដ​ជាក់ស្តែង ។

You might also like