ប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តកោះកុងថ្មី, រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រាប់ឲ្យបន្តបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ

(កោះកុង)៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ឃី វុធ ជាប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តកោះកុង ជំនួសលោក សាលីម ហ្វារីត ដែលបានចូលនិវត្តន៍។

ពិធីនេះ ត្រូវបានប្រារព្ធឡើង នៅសាលមហោស្រពខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីលោក ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង, លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង ព្រមទាំងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម អាជ្ញាធរដែនដី និងមន្ត្រីរាជការតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ ក្នុងខេត្តកោះកុង ជាច្រើនរូប។

ក្នុងឱកាសនោះ លោកស្រីរដ្ឋមន្ត្រី បានសម្តែងការអបអរសាទរចំពោះលោកប្រធានមន្ទីរថ្មី និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលនានា របស់លោកប្រធានមន្ទីរ ដែលបានចូលនិវត្តន៍ ព្រមទាំងបានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្មខេត្តកោះកុងទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម នៅថ្នាក់មូលដ្ឋាននាពេលកន្លងមក។

ជាពិសេស លោកស្រីរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តកោះកុង ដែលបានរួមចំណែកជំរុញការអភិវឌ្ឍលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់។

ជាមួយគ្នានេះ លោកស្រីរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ខេត្តកោះកុង គឺជាខេត្តដែលមានសក្តានុពលខ្ពស់ ក្នុងការអភិវឌ្ឍ ដោយឈរលើសរសរស្តម្ភសំខាន់ចំនួន ៣ រួមមាន៖

(១)៖ វិស័យទេសចរណ៍ធម្មជាតិ ដែលសម្បូរទៅដោយធនធានធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីដ៏លេចធ្លោ
(២)៖ វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងឡូជីស្ទិក តាមរយៈតំបន់សេដ្ឋកិច្ចពិសេស និងគម្រោងអភិវឌ្ឍកំពង់ផែទឹកជ្រៅ
និង (៣)៖ វិស័យថាមពល កសិកម្ម និងវារីវប្បកម្ម ដែលជាមូលដ្ឋានសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

បន្ថែមពីនេះ លោកស្រីរដ្ឋមន្ត្រី ក៏បានលើកឡើងពីសមិទ្ធផលសំខាន់ៗ របស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល រួមមាន៖ ការកែទម្រង់រដ្ឋបាលសាធារណៈ និងការពង្រឹងអភិបាលកិច្ច ការជំរុញពាណិជ្ជកម្មក្នុងស្រុក ការពង្រឹងកម្មសិទ្ធិបញ្ញា និងការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) និងម៉ាកសមូហភាព ដើម្បីបង្កើនតម្លៃបន្ថែម និងភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា ការពង្រីកទីផ្សារអន្តរជាតិ ការធ្វើសមាហរណកម្មពាណិជ្ជកម្មក្នុងក្របខណ្ឌតំបន់ និងសកល ការធ្វើទំនើបកម្មសេវាសាធារណៈ ការផ្សារភ្ជាប់ព័ត៌មានទីផ្សារ និងការពង្រីកការផ្តល់សេវាឌីជីថល ដើម្បីសម្រួលដល់ការធ្វើធុរកិច្ច និងការវិនិយោគ ព្រមទាំងការលើកកម្ពស់ ការការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែងដោយស្មោះត្រង់ និងការធានាសុវត្ថិភាពផលិតផលទំនិញ។

ក្នុងនាមជាថ្នាក់ដឹកនាំក្រសួង លោកស្រីរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍គន្លឹះដល់ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តកោះកុងថ្មី ដោយផ្តោតលើការតភ្ជាប់ទីផ្សារក្នុងស្រុក ការពង្រឹងភាពជាដៃគូ រវាងសហគមន៍ផលិត និងវិស័យឯកជន ការជំរុញការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាព ដើម្បីបង្កើនតម្លៃបន្ថែមសម្រាប់សម្រាប់ផលិតផលសក្តានុពលក្នុងខេត្ត ជាពិសេសផលិតផលកសិកម្ម និងជលផល ការពង្រឹងប្រសិទ្ធភាពសេវាសាធារណៈ និងការបន្តតាមដានស្ថានភាពទីផ្សារ។

មុននឹងបញ្ចប់ លោកស្រីរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរពាណិជ្ជកម្មខេត្តកោះកុង បន្តបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតី ទទួលខុសត្រូវ វិជ្ជាជីវៈ តម្លាភាព និងគណនេយ្យភាព ដើម្បីរួមចំណែកលើកកម្ពស់វិស័យពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ច នៅថ្នាក់មូលដ្ឋាន ឱ្យកាន់តែរីកចម្រើន ស្របតាមបេសកកម្មរបស់ក្រសួងពាណិជ្ជកម្ម និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា៕

You might also like