ផ្ទះទេវតាទី៣៣៧ មួយខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនអតីតយុទ្ធជនពិការ នៅខេត្តតាកែវ
នៅព្រឹកថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញប្រគល់អំណោយផ្ទះទេវតា១ខ្នងទៀត ជូនលោក ប៉ែវ រ៉ែន អាយុ៥៥ឆ្នាំ ជាអតីតយុទ្ធជនពិការជើង និងប្រពន្ធឈ្មោះ ខាត់ ក្តឹប អាយុ៥២ឆ្នាំ រស់នៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ គ្រួសារគាត់មានកូនចំនួន៨នាក់ (ប្រុស៤នាក់) ក្នុងនោះកូនៗ៧នាក់ ពួកគេមានគ្រួសារហើយបានបែកចេញទៅរស់នៅកន្លែងផ្សេងៗ និងសុទ្ធតែមានជីវភាពខ្វះខាត។ សព្វថ្ងៃពួកគាត់រស់នៅជាមួយកូនប្រុសពៅអាយុ១៥ឆ្នាំ និងចៅៗកំព្រាចំនួន៤នាក់ ក្នុងជីវភាពខ្វះខាត។
ក្នុងឱកាសនោះ លោកជំទាវ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំពោះគ្រួសារអតីតយុទ្ធជនដែលទទួលអំណោយផ្ទះនាពេលនេះ ដែលជានិច្ចកាលលោកទាំង៤ តែងគិតគូរពីសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ បន្ថែមលើអំណោយផ្ទះខាងលើ លោកជំទាវ ក៏បានផ្តល់នូវប្រព័ន្ធភ្លើងសូឡានៅមុខផ្ទះ និងក្នុងផ្ទះ និងទឹកស្អាតដល់ម្ចាស់ផ្ទះទៀតផង។ លោកជំទាវក៏បាននាំយកនូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្ថែមមួយចំនួនទៀតផងដែរ រួមមាន ៖ អង្ករ១០០គីឡូក្រាម, ត្រីខ១កេស, មីចំនួន៥កេស, ទឹកដោះគោខាប់ ១កេស, ពួក១, ប្រេងកូឡូ១ប្រអប់ធំ, ប្រេងខ្យល់១ប្រអប់ធំ ,ចានដែក១, ឆ្នាំងតូច១, ឆ្នាំងធំ១, ខ្ទះឆា១, វែងឆា១, វែងបាយ១, វែងសំឡ១, ស្លាបព្រា និងសម១ឡូ, កំសៀវ១, ចានបាយចំនួន៥, ចានសម្លចំនួន៥, តែ ១ គីឡូក្រាម,ខ្នើយចំនួន២,មុងចំនួន២,ភួយចំនួន២,កន្ទេលចំនួន២,ស្ករសចំនួន៥គីឡូក្រាមទឹកស៊ីអុីវចំនួន៣យួរ,វិទ្យុ FM១គ្រឿង, ថ្មដាក់វិទ្យុចំនួន២ ស្បែកជើងចំនួន២គូរ,ថ្នាំនឹងច្រាសដុសធ្មេញចំនួន៥ឈុត,សាប៊ូដុំចំនួន១២ដុំតូច,ថ្នាំពេទ្យចំនួន៥ប្រអប់តូច,ខោអាវចំនួន២កំប្លេរ និងថវិកាចំនួន ៥០ម៉ឺនរៀល ព្រមទាំងអំណោយរបស់សម្ដេចតេជោ និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ជាឃីត (កញ្ចប់ៗ) មានជាសម្ភារៈប្រើប្រាស់ សំលៀកបំពាក់ និងថវិកា ចែកជូនលោកយាយ លោកតាដែលបានចូលរួមនាឱកាសនោះ ព្រមទាំងនាំយកនូវកាតាបដែលមានសម្ភារៈសិក្សាជាច្រើនមុខ សំលៀកបំពាក់ មកចែកដល់សិស្សានុសិស្សនៅភូមិនេះចំនួន១២៥នាក់ផងដែរ៕






