អភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ស្ថិតនៅឃុំបេង ស្រុកបន្ទាយអំពិល

ឧត្ដរមានជ័យ៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ និងមោឃភាពនៃបណ្ណ សម្គាល់កាន់កាប់ប្រើប្រាស់ដីធ្លី ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ស្ថិតនៅភូមិទទឹងថ្ងៃ ភូមិបេង ភូមិអូររំដេង ភូមិរស្មីសូភី ភូមិពោធិ៍ថ្មី ភូមិប្រាសាទល្បើក ភូមិពោធិ៍ចាស់ ភូមិទំនប់ថ្មី ភូមិរង្សី ភូមិតាម៉ា និងភូមិយាយទេព ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលប្រព្រឹត្តទៅនាថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណដេប៉ូទិញ ដំឡូងមីក្រោយទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំបេង ស្ថិតនៅភូមិទំនប់ថ្មី ឃុំបេង ស្រុកបន្ទាយអំពិល។
យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តឧត្ដរមានជ័យបានឱ្យដឹងថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះមាន ទំហំផ្ទៃដីសរុបទាំង ១១ភូមិ ក្នុងឃុំបេង មាន ១២ ៥១៩.៤១ហិកតា, ក្បាលដីសរុបមាន ១០ ៣៤៧ក្បាលដី ស្មើនឹងទំហំ ១១ ៦២៥.៤៥ហិកតា, ចេញបណ្ណសរុបចំនួន ៩ ៨៨៣បណ្ណ (ក្នុងនោះដីរដ្ឋ ៩១ក្បាលដី,ដីសហគមន៍ ៣៣ក្បាលដី)។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម មាន ចាន់យ៉ាដា បានផ្ដាំផ្ញើការសួសុខទុកពីសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន, សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងអង្គពិធីទាំងមូល។
នៅក្នុងអង្គពិធីឯកឧត្តម ក៏បានគោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ នៅថ្ងៃទី០៥ សីហា ២០២៦ ខាងមុខនេះ ហើយបងប្អូនប្រជាពលរដ្ឋក្រោកឈទះដៃអបអបសាទរសម្ដេចតេជោ ក្នុងថ្ងៃខួបចម្រើនជន្មាយុផងដែរ។
ក្នុងនោះដែរឯកឧត្តមអភិបាលខេត្តបានណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិសូមថែរក្សាបណ្ណឱ្យបានល្អ និងមិនត្រូវលក់ដីនោះទេគួររក្សាទុកចែកតកូនតចៅ។
ឯកឧត្ដមបានណែនាំដល់មន្ត្រីទទួលខុសត្រូវរាល់ការចេញបណ្ណក្រីក្រជូនប្រជាជន ដោយប័ណ្ណមាន២ប្រភេទគឺ ១, ប័ណ្ណសមធម៌ (មាន-ក្រ១,ក្រ២) (ប័ណ្ណក្រ១និងក្រ២ បានលុយប្រចាំខែ), ២,ប័ណ្ណងាយរងហានិភ័យ (អត់បានលុយប្រចាំខែទេ)។
ឯកឧត្ដមក៏បានណែនាំអាជ្ញាធរស្រុកសូមបន្តអនុវត្តន៍ភូមិឃុំមានសុវត្ថិភាព បង្ក្រាបក្មេងទំនើង ល្បែងស៊ីសង និងគ្រឿងញៀនជាដើម ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយអាជ្ញាធរត្រូវបណ្ដុះបណ្ដាលបន្ថែមដល់ប្រជាការពារយើងដើម្បីជួយបម្រើបងប្អូនប្រជាពលរដ្ឋក្នុងស្រុកទាំងមូល។
នៅក្នុងឱកាសនោះដែរឯកឧត្ដមអភិបាលខេត្ត បានជម្រុញឱ្យបងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុ និងអ្នកដែលមិនទាន់មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ខណៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ត្រូវអនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងខេត្តឧត្ដរមានជ័យ។
ប្រជាពលរដ្ឋ បង្ហាញអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីដ៏មានតម្លៃសម្រាប់ប្រើប្រាស់ជាប្រយោជន៍ និងចែកតកូនតចៅ៕

You might also like