ស្លាប់ ៣នាក់ ករណីឡានបែនសង្កូតស្ដាំដឹកដីបុករះម៉ូតូ និងម៉ូតូរ៉ឺម៉ក បន្តបុកចូលផ្ទះ ២ខ្នង នៅនៅស្រុកអង្គស្នួល
ខេត្តកណ្ដាល៖ រថយន្តបែនដឹកដី១គ្រឿងបានបុករះម៉ូតូ១គ្រឿងនិងម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿងដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់គ្នាពេញទំហឹង រួចបន្តបុកចូលផ្ទះនៅជិតនោះ២ខ្នងជាបន្តបន្ទាប់ទៀត ទើបឈប់ស្ងៀមហើយអ្នកបើកបររត់គេចខ្លួនបាត់ ។ នៅក្នុងឧប្បត្តិហេតុចរាចរណ៍ បណ្ដាលឲ្យមនុស្ស២ស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរបួសធ្ងន់ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់ដល់មន្ទីរពេទ្យ ។
ឧប្បត្តិហេតុនោះបានកើតឡើងកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ នៅលេីកំណាត់ផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ស្ថិតនៅក្នុងភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
នគរបាលប្រាប់ឲ្យដឹងថា រថយន្តបង្កម៉ាក NISSAN (ប្រភេទបែនដឹកដី ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្ដាំ KDL-០០៦០ អ្នកបើកបរ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណ នោះទេ ព្រោះបានរត់គេចខ្លួនមុនពេលនគរបាលទៅដល់ ។ ដោយឡែកអ្នកស្លាប់រួមមាន១, ឈ្មោះ ឡេង ហុងឡាយ ភេទប្រុស អាយុ៣២ឆ្នាំ មុខ របរកម្មកររោងចក្រ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ២,ឈ្មោះថុន រដ្ឋា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ (ស្លាប់នៅមន្ទីរពេទ្យ) ពួកគាត់បានពាក់មួកសុវត្តិភាពត្រឹមត្រូវ ។ អ្នកទាំង២នាក់នេះគឺជាប្ដីប្រពន្ធនិងគ្នា មានទីលំនៅភូមិតាប៉ុក ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HE-0201 ដោយប្ដីជាអ្នកឌុប ។ ៣, ឈ្មោះជៀវ ស៊ុន ភេទប្រុស អាយុ៦៧ឆ្នាំ មានទីលំនៅភូមិធ្នង់ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មុខរបរកសិករ ជិះម៉ូតូម៉ាកម៉ាកSUZUKI SIRIUS ពណ៌ខ្មៅ គ្មានស្លាកលេខសណ្ដោងកន្ទុយរ៉ឺម៉ក (គាត់មិនបានពាក់មួកសុវត្តិភាពទេ ហើយបានស្លាប់ភ្លាមៗនៅនឹងកន្លែង ) ។
នគរបាលបានប្រាប់ឲ្យដឹងបន្តទៀតថា ចំណែកផ្ទះ២ខ្នងដែលត្រូវបានរថយន្តខាងលើបុកចូលដែរនោះសំណាងខ្លាំងណាស់ដែលមិនបានបណ្ដាលឲ្យម្ចាស់រងរបួសនោះទេ គ្រាន់តែខូចខាតផ្ទះនិងសម្ភារៈមួយចំនួនប៉ុណ្ណោះ ។ ម្ចាស់ផ្ទះទី១, ឈ្មោះជីម ស៊ីឌឿន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបុគ្គលិកធនាគារ ទី២,ឈ្មោះសេង វិចិត្រ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ដូរ ។
នៅមុនពេលកើតហេតុរថយន្តបង្កបានបើកបរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿនដោយពុំដឹងថាអ្នកបើកបរស្រវឹងស្រា ឬងងុយដេកនោះទេ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានរេចង្កូតទៅខាងឆ្វេងដៃ រួចជ្រុលចូលទៅចំណែកផ្លូវម្ខាងទៀត ។
នគរបាលបានប្រាប់ឲ្យដឹងបន្ថែមទៀតថា ខណៈនោះក៏បានបុកម៉ូតូម៉ាកHonda Dream C125 ជិះ២នាក់ប្ដីប្រពន្ធ បណ្ដាលឲ្យបុរសជាប្ដីស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយប្រពន្ធរងរបួសធ្ងន់ ។ បន្ទាប់មករថយន្តបានជ្រុលទៅបុកម៉ូតូម៉ាក SUZUKI SIRIUS សណ្ដោងកន្ទុយរ៉ឺម៉ក១គ្រឿងទៀត បណ្ដាលឲ្យអ្នក បើកបរម៉ូតូនោះស្លាប់ភ្លាមៗនៅនឹងកន្លែងម្នាក់ទៀត ។ ខណៈដែលម៉ូតូ និងម៉ូតូសណ្ដោងរ៉ឺម៉កទាំង២គ្រឿងខាងលើកំពុងបើកបរធ្វើដំណើរបញ្ច្រាស់ទិសពីជើងទៅត្បូង បន្ទាប់មករថយន្តបង្កក៏បានជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ២ខ្នងទៀតបន្តបន្ទាប់ ទើបឈប់ស្ងៀម រួចអ្នកបើកបររថយន្តនោះបានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោលមុនពេលដែលកម្លាំងនគរបាលចុះទៅដល់ ។
នគរបាលខាងលើបានបញ្ជាក់ថា ក្រោយពេលកើតហេតុ ស្ត្រីឈ្មោះថុន រដ្ឋា ដែលរងរបួសធ្ងន់នោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ប៉ុន្តែដោយសារតែរបួសធ្ងន់ធ្ងរពេក ទើបនាងស្លាប់នៅក្នុងមន្ទីរពេទ្យតែម្ដង ។
ក្រោយពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងលើ និងកម្លាំងផ្នែកចរាចរស្រុកអង្គស្នួលបានចុះទៅធ្វើការវាស់វែង រួចនាំយករថយន្តនិងម៉ូតូ ។ ព្រមទាំងម៉ូតូសណ្ដោងរ៉ឺម៉កយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំដោះស្រាយតាមផ្លូវច្បាប់ រួចប្រគល់សពជនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕






