ឃាត់ខ្លួនចោរលួចឡានបែនរត់គេចខ្លួន ជ្រុលចង្គូតបុករះចូលផ្ទះប្រជាពលរដ្ឋ
ស្រុកសាមគ្គីមុនីជ័យ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ សាវ សុភក្តី អធិការនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ។
នៅថ្ងៃទី០៣ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៤និង៥៥នាទី នៅចំណុចភូមិរោងដំរី ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ មានករណីចោរកម្មលួចឡានបែន មួយកើតឡើងដែលបង្កឡើង ដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព ចូលលួចបើកឡាន០១គ្រឿង ម៉ាកNISSAN ពណ៌សរ ដែលជនរងគ្រោះបានទុកឡាននៅខាងជើងផ្ទះ ហើយបានបើកចេញទៅសំដៅផ្លូវជាតិលេខ៥១បាត់ទៅ ក្រោយកើតហេតុ ជនសង្ស័យខាងលើបានបន្សល់ទុកវត្ថុតាងនៅនិងកន្លែងកើតហេតុរួមមាន ម៉ូតូ០១គ្រឿង កន្ត្រៃ០១ដើម កាំបិត០១ដើម និងដែកជ្រុង០១ដើម ។
-ជនរងគ្រោះ ឈ្មោះ សុខ វិថី ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិរោងដំរី ឃុំភ្នំតូច ។
ក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះកម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្ដិ៍នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២ វេលាម៉ោង១០និង៣០នាទី បានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាបាន០១នាក់ ឈ្មោះ ថា គើវ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិចាអោក ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ និងបានឃាត់ខ្លួនជនសង្ស័យខាងលើយកមកសាកសួរ ហើយបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្ម លួចយកឡានបែនខាងលើ បើកចេញសំដៅឡើងទៅលើផ្លូវជាតិលេខ៥១ ហើយបើកក្នុងទិសដៅពីត្បូងទៅជើង លុះពេលបើកមកដល់ចំណុចភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ក៏បានបើកបុករះម៉ូតូចូលទៅក្នុងផ្ទះរបស់គេ ហើយបានចុះពីលើឡានរត់គេចខ្លួន។
-ចំពោះជនសង្ស័យខាងលើជាមនុស្សប្រើប្រាស់សារធាតុញៀនខុសច្បាប់ ។
វត្ថុតាងដកហូត: ម៉ូតូ០១គ្រឿងម៉ាកPGX POPZ ពណ៌សរ,កន្ត្រៃ០១ដើម,កាំបិត០១ដើម,ដែកជ្រុង០១ដើម ។
ករណីនេះកម្លាំងជំនាញកំពុងសាកសួរ កសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕






