បុរសម្នាក់ផ្តួលម៉ូតូរត់គេចពីសមត្ថកិច្ច ត្រូវឃាត់ខ្លួនបាន រួមជាមួយថ្នាំញៀន ៨កញ្ចប់

ខេត្តកណ្ដាល÷ជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលដេញឃាត់ ខ្លួនបាន រួមជាមួយថ្នាំញៀន ៨កញ្ចប់ ក្រោយពីរូបគេបានផ្តួលម៉ូតូរត់គេចខ្លួនពីការសួរនាំរបស់សមត្ថកិច្ច។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ នៅត្រង់ចំណុចភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យមានឈ្មោះ ចា ពៅ ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល មានវិជ្ជមានសារធាតុញៀន និងធ្លាប់ជាប់ពន្ធនាគារព្រៃស ១លើក រយៈពេល ២ឆ្នាំ និង៦ខែ ពីបទអំពើលួច។ លោកអធិការបានបន្តថា វត្ថុតាងដែលកម្លាំងជំនាញដកហូតបានរួមមាន ថ្នាំញៀនម៉ាទឹកកកចំនួន ៨កញ្ចប់ ទម្ងន់ ១,៥៧ក្រាម ម៉ូតូម៉ាកហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅ ១គ្រឿង ទូរស័ព្ទដៃ ១គ្រឿង និងខ្សៀសម្រាប់ជក់ចំនួន ២។
លោកអធិការបន្តទៀតថា នៅវេលាកើតហេតុខាងលើ ខណៈកម្លាំងនគរបាលក្រុងតាខ្មៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់តាខ្មៅ ចុះល្បាតមកដល់ចំណុចកើតហេតុ ក៏បានប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូម្នាក់ឯង។ ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានហៅសួរនាំ ស្រាប់តែជនសង្ស័យបានជិះម៉ូតូរត់ ហើយកម្លាំងសមត្ថកិច្ចក៏បានជិះម៉ូតូដេញតាម។ ពេល នោះ ជនសង្ស័យបានផ្តួលម៉ូតូចោល ហើយរត់គេចខ្លួនចូលទៅក្នុងផ្លូវលំម្តុំអគារវប្បធម៌ ភូមិតាខ្មៅ២ ក៏ត្រូវកម្លាំងឃាត់ខ្លួនបាន និងធ្វើការត្រួតពិនិត្យរកឃើញថ្នាំញៀនចំនួន ៨កញ្ចប់ នៅក្បែរខ្លួនតែម្តង។ ទោះជា យ៉ាងណាក៏ដោយ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនចំនួន ៨កញ្ចប់ ដែលសមត្ថកិច្ចរកឃើញនោះ គឺមិនមែនជារបស់ខ្លួននោះទេ។
ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងបញ្ជូនបន្តមកកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

You might also like