អឺរ៉ុប អំពាវនាវឲ្យរឹតបន្តឹងព្រំដែន និងចាត់វិធានការរួមគ្នាក្រោយការឆ្លងដែនជនអន្តោប្រវេសន៍រាប់ម៉ឺននាក់ ពីម៉ារ៉ុកចូលអេស្ប៉ាញ

លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបានស្នើឡើងកាលពីថ្ងៃចន្ទ៣សីហា ថាសហភាពអឺរ៉ុបនឹងពង្រឹងព្រំដែនរបស់ខ្លួនបន្ថែមទៀត និងបង្កើនការគាំទ្រដល់ប្រទេសម៉ារ៉ុក ដើម្បីជួយទប់ស្កាត់ការហូរចូលដ៏ច្របូកច្របល់នៃជនអន្តោប្រវេសន៍ចំនួន៥០.០០០ នាក់ ចូលទៅក្នុងតំបន់សេអ៊ូតា(Ceuta) របស់ប្រទេសអេស្ប៉ាញកាលពីសប្តាហ៍មុន ស្របពេលអ្នកស្លាប់អំឡុងហែលឆ្លងដែនកាត់សមុទ្រ និងដីគោក ឡើងដល់៩០នាក់។
ការកើនឡើងនេះ ដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននៅព្រំដែនដីគោកមួយក្នុងចំណោមព្រំដែនដីគោកពីររបស់សហភាពអឺរ៉ុបជាមួយទ្វីបអាហ្វ្រិក មួយទៀតគឺព្រំដែនរបស់ប្រទេសម៉ារ៉ុកជាមួយតំបន់ Melilla របស់ប្រទេសអេស្ប៉ាញ បានបង្កឱ្យមានការភ្ញាក់ផ្អើលនៅទូទាំងប្លុក។
ការធ្វើអន្តោប្រវេសន៍គឺជាបញ្ហានយោបាយដ៏ចម្រូងចម្រាសបំផុតមួយរបស់សហភាពអឺរ៉ុបចាប់តាំងពីវិបត្តិអន្តោប្រវេសន៍ឆ្នាំ ២០១៥ -២០១៦ នៅពេលជនភៀសខ្លួន និងជនអន្តោប្រវេសន៍ជាង១លាននាក់ ដែលភាគច្រើនរត់គេចពីសង្គ្រាមនៅស៊ីរី បានទៅដល់ទឹកដីអឺរ៉ុប។
ការហូរចូលនេះបានជំរុញឱ្យមានការគាំទ្រដល់គណបក្សប្រឆាំងអន្តោប្រវេសន៍ និងគណបក្សស្តាំនិយមជ្រុលនៅទូទាំងប្លុក និងបានបង្កើនជម្លោះអស់រយៈពេលជាច្រើនឆ្នាំលើការគ្រប់គ្រងព្រំដែន ច្បាប់សិទ្ធិជ្រកកោន និងការចែករំលែកបន្ទុក។
លោកស្រី von der Leyen បានសរសេរថា ម៉ារ៉ុកគឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយ ជាពិសេសនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អឺរ៉ុបក្នុងការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធជនអន្តោប្រវេសន៍ និងការធ្វើចំណាកស្រុកខុសច្បាប់។
ប្រទេសម៉ារ៉ុកបាននិយាយកាលពីថ្ងៃអាទិត្យថា ការឆ្លងកាត់ដ៏ធំសម្បើមថ្មីៗនេះទៅកាន់ទីក្រុង Ceuta និង Melilla ត្រូវបានជំរុញដោយព័ត៌មានមិនពិតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បណ្តាញជួញដូរមនុស្ស និងការបកស្រាយខុសនៃសេចក្តីសម្រេចរបស់តុលាការអេស្ប៉ាញ៕

You might also like