កម្លាំងនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីធាក់ប្លន់យកម៉ូតូ
(ភ្នំពេញ)៖ កម្លាំងនគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ) ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចបណ្តោយផ្លូវឌួងងៀប ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ ធ្វើឡើងតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរង ទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់។
ជនសង្ស័យទាំង០៣នាក់ដែលត្រូវបានឃាត់ខ្លួន រួមមាន៖
ទី១. ឈ្មោះ ប៊ុន ថុនវិសាល ភេទប្រុស អាយុ១៧ឆ្នាំ
ទី២. ឈ្មោះ បាន ម៉េងហ័រ ភេទប្រុស អាយុ១៧ឆ្នាំ
និងទី៣. ឈ្មោះ សុធារិន វីរុន ភេទប្រុស អាយុ១៦ឆ្នាំ។ ជនសង្ស័យទាំងបីនាក់សុទ្ធតែមានសារធាតុញៀនក្នុងខ្លួន។ វត្ថុតាងដែលចាប់យកបានរួមមាន ម៉ូតូ០១គ្រឿង ម៉ាក SUZUKI NEX ពណ៌ស។
បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ កសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ការបង្ក្រាបនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្លាំងសមត្ថកិច្ច ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ៕






