ជនសង្ស័យបោះម៉ូតូអត់ស្លាកលេខចោល រត់ឆ្លងដែនចូលកម្ពុជា ពេលត្រូវទាហានថៃ ដេញចាប់តាមព្រំដែនស្រះកែវ
ខេត្តស្រះកែវ ប្រទេសថៃ៖ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ កងកម្លាំងចម្រុះរបស់ថៃ (រួមមានកងកម្លាំងបូរ៉ា និងកងទ័ពជើងគោកលេខ ១៣) បានចុះល្បាតទប់ស្កាត់បទល្មើសតាមបន្ទាត់ព្រំដែនថៃ-កម្ពុជា ត្រង់ចំណុចភូមិទី៧ ឃុំផានស៊ឹក ស្រុកខឡងហាត ខេត្តស្រះកែវ (ទល់មុខនឹងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ)។
សមត្ថកិច្ចបានប្រទះឃើញបុគ្គលត្រូវសង្ស័យម្នាក់កំពុងស្ថិតនៅជាមួយម៉ូតូម៉ាក HONDA ADV 350 ពណ៌ប្រផេះ គ្មានស្លាកលេខ ១ គ្រឿង នៅតាមបណ្តោយព្រំដែន។ ភ្លាមៗនោះ ពេលឃើញសមត្ថកិច្ច ជនសង្ស័យរូបនេះបានសម្រេចចិត្តបោះបង់ចោលម៉ូតូ រួចរត់គេចខ្លួនឆ្លងដែនចូលមកក្នុងទឹកដីខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា យ៉ាងរហ័ស។
បើតាមការលើកឡើងពីមជ្ឈដ្ឋានទូទៅ បាននិយាយថា «ពិតជាសំណាងហើយដែលត្រូវទាហានថៃប្រដេញឃាត់ចាប់បានទាន់ពេល បើកុំអីជនសង្ស័យនិងមធ្យោបាយទាំងនោះអាចឆ្លងដែនចូលមកដីកម្ពុជាបានយ៉ាងងាយស្រួល»។
បច្ចុប្បន្ន ម៉ូតូសង្ស័យខាងលើត្រូវបានកងកម្លាំងថៃដកហូតយកទៅរក្សាទុក និងបានប្រគល់ជូនទៅអធិការដ្ឋាននគរបាលស្រុកខឡងណាមសៃ (สภ.คลองน้ำใส) ដើម្បីស្រាវជ្រាវ និងតាមរកម្ចាស់ដើមយកមកចាត់ការតាមផ្លូវច្បាប់ ៕






