គ្រោះរញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ វាយប្រហារក្បែរឆ្នេរភាគខាងត្បូងប្រទេសហ្វីលីពីន
(ម៉ានីល)៖ ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីរបស់សហរដ្ឋអាមេរិក (USGS) បានឱ្យដឹងថា ការរញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ បានកើតមាននៅចម្ងាយ ៣២គីឡូម៉ែត្រ ភាគនិរតីកូនកោះ Sarangani ដែលជាតំបន់សមុទ្រ នៅភាគខាងត្បូងប្រទេសហ្វីលីពីន នាថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។
ការរញ្ជួយកើតឡើងនៅប្រហែលម៉ោង ១២ថ្ងៃត្រង់នេះ តែមិនត្រូវឱ្យមានការព្រមានអំពីស៊ូណាមិឡើយ។ ភ្លាមៗគ្មានសេចក្តីរាយការណ៍អំពីគ្រោះថ្នាក់ដល់ជីវិត ឬការខូចខាតណាមួយទេ។ លោក Harly Sauro ដែលជាអ្នកជួយសង្គ្រោះនៅកោះ Sarangani ប្រាប់ AFP ថាការរញ្ជួយដីបានកើតឡើង នៅពេលដែលប្រជាជនមួយចំនួនធំ ប្រមូលផ្តុំគ្នាដើម្បីទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល។
មជ្ឈមណ្ឌលព្រមានអំពីស៊ូណាមិតំបន់ប៉ាស៉ីហ្វិក កំណត់ថាការរញ្ជួយដីនៅថ្ងៃពុធនេះ កើតឡើងនៅជម្រៅ ៦២គីឡូម៉ែត្រ។ វាបានកើតមានឡើង បន្ទាប់ការរញ្ជួយដីដ៏ខ្លាំងក្លាមួយ នៅថ្ងៃទី៨ ខែមិថុនា លើកោះ Mindanao ដែលស្ថិតនៅក្បែរនោះ និងដែលបានបណ្តាលឱ្យអគារនានាដួលរលំ ការរអិលបាក់ដី សម្លាប់មនុស្ស ៧៦នាក់៕






