ស្ត្រីម្នាក់ ដាច់ជើងស្តាំ ក្រោយជាន់មីនពេលដើររកផ្សិត នៅស្រុកអន្លង់វែង
ឧត្តរមានជ័យ៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ដោយសារមីនប្រឆាំងមនុស្សប្រភេទ GYATA-64 ស្ថិតនៅភូមិសាស្ត្រខាងមុខតំបន់ប្រវត្តិសាស្ត្រ «យោធាតាទុំ» ក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ហេតុការណ៍នេះបានបណ្តាលឱ្យស្ត្រីម្នាក់ឈ្មោះ អាន បៀត អាយុ៤៩ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅតំបន់កើតហេតុ រងរបួសធ្ងន់ ដោយដាច់ជើងស្តាំ។ តាមការបញ្ជាក់ មូលហេតុគឺជនរងគ្រោះបានដើរចូលរុករកដកផ្សិតនៅក្នុងតំបន់សង្ស័យមានមីន។
អាជ្ញាធរមីន សូមអំពាវនាវដល់ប្រជាពលរដ្ឋ កុំចូលរុករាន ប្រកបរបរ ឬស្វែងរកអនុផលផ្សេងៗ នៅតំបន់ដែលមិនស្គាល់ច្បាស់ ឬតំបន់សង្ស័យថាមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រោះអាចប្រឈមនឹងគ្រោះថ្នាក់ បណ្តាលឱ្យរបួស ពិការ ឬបាត់បង់ជីវិត។
ប្រសិនបើប្រទះឃើញគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះ សូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ ឬប្រតិបត្តិករបោសសម្អាតមីន ដើម្បីចាត់វិធានការកម្ទេចចោល។
ប្រភព៖ អាជ្ញាធរមីន






