កម្ពុជា បើកកិច្ចប្រជុំពិភាក្សា លើវឌ្ឍនភាពនៃការវិនិយោគលើវិស័យផលិតខ្សែភ្លើងក្នុងរថយន្ត
អនុប្រធានទី១ CDC បញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាល ក្នុងការបន្តគាំទ្រ និងសម្របសម្រួលដល់គ្រប់ភាគីពាក់ព័ន្ធ ធានាការ វិនិយោគលើការផលិតខ្សែភ្លើងក្នុងរថយន្ត ដើម្បីរួមចំណែកយ៉ាងសកម្មដល់ការធ្វើបរិវត្តកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្ម អតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និងបច្ចេកវិទ្យាទំនើប។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បាន ដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពី «វឌ្ឍនភាពនៃការវិនិយោគលើវិស័យផលិត ខ្សែភ្លើងក្នុងរថយន្តនៅកម្ពុជា» ដោយបានផ្តោលើ របៀបវារៈ និងគោលបំណងយុទ្ធសាស្ត្រសំខាន់ៗរួមមាន៖ ១. ការពិនិត្យលើបច្ចុប្បន្នភាពនៃវឌ្ឍនភាពទូទៅ របស់វិស័យផលិតខ្សែភ្លើង ក្នុងរថយន្តនៅកម្ពុជា, ២. បទរាយការណ៍ដោយសង្ខេបពីបច្ចុប្បន្នភាពនៃសកម្មភាពផលិតកម្ម និងស្ថានភាពទូទៅនៃប្រតិបត្តិការ អាជីវកម្មរបស់ខ្លួន ដោយតំណាងក្រុមហ៊ុននីមួយៗ, និង៣. ការលើកឡើងពីតំណាងក្រុមហ៊ុននីមួយៗ នូវមតិយោបល់ និងសំណូមពរ ផ្សេងៗ ក្នុងគោលបំណងធ្វើឱ្យដំណើរការអាជីវកម្មក្នុងវិស័យនេះ កាន់តែមានប្រសិទ្ធភាព និងភាពប្រកួតប្រជែងខ្ពស់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីជំហរយ៉ាងរឹងមាំរបស់រាជរដ្ឋាភិបាល ក្នុងការបន្តគាំទ្រ និងសម្របសម្រួលជានិច្ច ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាថា ការវិនិយោគលើការផលិតខ្សែភ្លើងក្នុងរថយន្ត រក្សាបាននូវវឌ្ឍនភាពជាបន្តបន្ទាប់ ព្រម ទាំងបន្តបង្កើនបរិយាកាសអំណោយផលក្នុងការជំរុញ និងលើកទឹកចិត្តដល់ការពង្រីកទុនវិនិយោគបន្ថែមនាពេលខាងមុខ។ ឯកឧត្តម ក៏បានគូសបញ្ជាក់អំពីសារសំខាន់នៃវិស័យមួយនេះ ក្នុងការរួមចំណែកយ៉ាងសកម្មដល់ការធ្វើបរិវត្តកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និងបច្ចេកវិទ្យាទំនើបផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់ការណែនាំដល់គ្រប់ភាគីពាក់ព័ន្ធ ឱ្យបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីឯកជន ក្នុង ការតាមដាន និងឆ្លើយតបលើរាល់សំណូមពរដែលបានលើកឡើងក្នុងកិច្ចប្រជុំឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ដើម្បី បង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងតំបន់និងសកលលោក។ ជាលទ្ធផល, តំណាងក្រុមហ៊ុនផលិតខ្សែភ្លើងក្នុងរថយន្តទាំងអស់ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ដែលបានបើកវេទិកាពិភាក្សា ប្រកបដោយភាពស្និទ្ធស្នាល និងឆន្ទៈសហការខ្ពស់៕






