កម្លាំងគណៈបញ្ជាការឯកភាពខេត្ដបន្ទាយមានជ័យ បន្ដប្រតិបត្ដិការចុះរដ្ឋបាល៩ទីតាំង នៅភូមិសាស្ដ្រក្រុងប៉ោយប៉ែត ដោយរកឃើញជនបរទេសជិត៦០នាក់
(បន្ទាយមានជ័យ)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្ដបន្ទាយមានជ័យ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦នេះ បានបន្ដប្រតិបត្ដិការចុះធ្វើរដ្ឋបាលចំនួន៩ទីតាំង នៅភូមិសាស្ដ្រក្រុងប៉ោយប៉ែត ដោយរកឃើញជនបរទេសជិត៦០នាក់។
ប្រតិបត្ដិការនេះ បានធ្វើឡើងដោយ២ក្រុមផ្សេងគ្នា ដោយក្រុមទី១ ដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ដបន្ទាយមានជ័យ និងក្រុមទី២ ដឹកនាំដោយលោក លៀម សុដា អភិបាលរងខេត្ដបន្ទាយមានជ័យ។
ប្រតិបត្ដិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ ក្រោមការសម្របសម្រួលរបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដបន្ទាយមានជ័យ។
យោងតាមរបាយការណ៍ របស់រដ្ឋបាលខេត្ដបន្ទាយមានជ័យ បានបញ្ជាក់ថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ក្រុមទី១ ដែលដឹកនាំដោយលោក ប្រាក់ ប៉ូលី សម្របសម្រួលនីតិវិធី ដោយលោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះធ្វើរដ្ឋបាលតាមអគារស្នាក់នៅចំនួន៦ទីតាំង មានការចូលរួមសហការពីម្ចាស់ទីតាំង ក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត រកឃើញជនបរទេសសរុបចំនួន៥២នាក់ ស្រី២៦នាក់ ២សញ្ជាតិ ថៃ៤៦នាក់ស្រី២៦នាក់ និងឥណ្ឌូនេស៊ី៦នាក់ប្រុស។
ទីតាំងទាំង៦ ខាងលើពុំមានសម្ភារ:សង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងមានការចូលរួមសហការពីម្ចាស់ទីតាំង ក្រុមការងារចម្រុះបានផ្សព្វផ្សាយបន្ថែមជូនម្ចាស់ទីតាំង អំពីច្បាប់ និងអនុក្រឹត្យលេខ០៣ និងបានឱ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យា ដូចខាងក្រោម៖
* ទីតាំងទី១ (ម្ចាស់ ស៊ូ វត្ថា): អគារកម្ពស់៩ជាន់ ៥៥បន្ទប់ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រកឃើញជនជាតិថៃចំនួន១៥នាក់ស្រី១០នាក់ បច្ចុប្បន្នកំពុងបម្រើការងារនៅកាស៊ីណូ ហូលីដេ។ ទីតាំងពុំមានសម្ភារៈសង្ស័យ អប់រំ។
* ទីតាំងទី២ (ម្ចាស់ នៅ សុផាន): អគារកម្ពស់៧ជាន់ ៣៩បន្ទប់ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មានជនជាតិថៃស្នាក់នៅចំនួន២១នាក់ស្រី១២នាក់ បច្ចុប្បន្នកំពុងបម្រើការងារនៅកាស៊ីណូ ហូលីដេ។ ទីតាំងពុំមានសម្ភារៈសង្ស័យអប់រំ។
* ទីតាំងទី៣ (ម្ចាស់ នៅ សុផាន): អគារកម្ពស់៣ជាន់ ៥៣បន្ទប់ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មានជនជាតិថៃស្នាក់នៅចំនួន៨នាក់ស្រី៤នាក់ បច្ចុប្បន្នកំពុងបម្រើការងារនៅកាស៊ីណូ ហូលីដេ។ ទីតាំងពុំមានសម្ភារៈសង្ស័យអប់រំ។
* ទីតាំងទី៤ (មុំ វ៉ាន់ស៊ុយ): អគារកម្ពស់៥ជាន់ ៣១បន្ទប់ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មានជនជាតិឥណ្ឌូនេស៊ីស្នាក់នៅចំនួន៦នាក់ប្រុស បច្ចុប្បន្នកំពុងបម្រើការងារនៅកាស៊ីណូ ហូលីដេ ។ ទីតាំងពុំមានសម្ភារៈសង្ស័យអប់រំ។
* ទីតាំងទី៥ (ម្ចាស់ ខៀវ សោភ័ណ្ឌ): អគារកម្ពស់៣ជាន់ ២៦បន្ទប់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ មានជនជាតិថៃស្នាក់នៅ២នាក់ប្រុស បច្ចុប្បន្នកំពុងបម្រើការងារនៅអគារថ្មី ហ្សូនហ្សាម។ ទីតាំងពុំមានសម្ភារៈសង្ស័យអប់រំ។
* ទីតាំងទី៦ (ម្ចាស់ ទូច ច័ន្ទវល័ក្ខ): អគារ ហួត ហេង ប៊ូទិក មាន៦៣បន្ទប់ ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ទីតាំងពុំមានជនបរទេសស្នាក់នៅ ពុំមានសម្ភារៈសង្ស័យអប់រំ។
ដោយឡែក ក្រុមទី២ លោក លៀម សុដា អភិបាលរងខេត្ដបន្ទាយមានជ័យ ដោយមានការសម្របសម្រួលនីតិវិធីពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងនៃអាយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ មានការចូលរួមសហការពីកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត លោកឧត្តមសេនីយ៍ត្រី ម៉ារ៉ា សក្កដា លោកឧត្តមសេនីយ៍ត្រី គង់ ប៉េងលី ស្នងការរង កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន ណាំអៀង មេបញ្ជាការរង និងមានការចូលរួមពីគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែតដឹកនាំដោយលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកអធិការនគរបាលក្រុងប៉ោយប៉ែត លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះធ្វើរដ្ឋបាលក្នុងគោលបំណងទប់ស្កាត់បទល្មើសនានា ជាពិសេសទប់ស្កាត់ការផ្តល់ទីតាំងស្នាក់នៅប្រមូលផ្តុំ ដោយខុសច្បាប់របស់ជនបរទេសប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន៣ទីតាំងរួមមាន៖
* ទីតាំងទី១: ផ្ទះវីឡាកម្ពស់២ជាន់ មាន៥បន្ទប់ ម្ចាស់ឈ្មោះ នួន សុវណ្ណ ភេទប្រុស ស្ថិតភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លទ្ធផលក្រុមការងារពិនិត្យជាក់ស្តែង៖ មិនមានបទល្មើស មានជនជាតិ ចិនចំនួន៤/១នាក់ ស្នាក់នៅមិនបានរាយការណ៍ក្នុងប្រព័ន្ធគ្រប់គ្រងជនអន្តោរប្រវេសន៍ (FPCS) ម្ចាស់ទីតាំងបានចូរួមសហការ ជាមួយក្រុមការងារ។ ក្រុមការងារបានប្រគល់ជូនខាងជំនាញអន្តោរប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តអនុវត្តនីតិវិធីបន្ត ដោយពិន័យតាមមាត្រាទី១៨ ចំនួន៣នាក់។
* ទីតាំងទី២: ផ្ទះវីឡាមួយកន្លែង(សានកូM16) កម្ពស់២ជាន់ មាន១៨បន្ទប់ក្បាលដីលេខ 12706 ម្ចាស់ឈ្មោះ សេង ចេង ភេទប្រុស ជាជនជាតិចិនសញ្ជាតិខ្មែរ ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លទ្ធផលក្រុមការងារពិនិត្យជាក់ស្តែង៖ មិនមានបទល្មើស មានជនជាតិចិនចំនួន២នាក់ ស្នាក់នៅស្របច្បាប់ និងបានរាយការណ៍ក្នុងប្រព័ន្ធគ្រប់គ្រងជនអន្តោរប្រវេសន៍(FPCS) ម្ចាស់ទីតាំងបានចូលរួមសហការ ជាមួយក្រុមការងារ។
* ទីតាំងទី៣: ផ្ទះវីឡាមួយកន្លែង (សានកូV333) កម្ពស់២ជាន់ មាន ៧បន្ទប់ ម្ចាស់ឈ្មោះ ឈី សូវៀត ភេទប្រុស តំណាងដោយឈ្មោះ ប៊ុត គឹមសាយ ភេទប្រុស ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លទ្ធផលក្រុមការងារពិនិត្យជាក់ស្តែង៖ មិនមានបទល្មើស មិនមានជនបរទេសស្នាក់នៅ ហើយម្ចាស់ទីតាំងបានចូលរួមសហការជាមួយក្រុមការងារ៕






