ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ណែនាំឱ្យបន្ដស្រាវជ្រាវមុខសញ្ញាចែកចាយគ្រឿងញៀនក្នុងមូលដ្ឋាន និងប្រភពគ្រាប់បែកដែលជនបង្កបានប្រើប្រាស់, ក្នុងប្រតិបត្តិការបង្ក្រាបអំពើហិង្សាក្នុងគ្រួសារ នៅស្រុកវាលវែង
ភ្នំពេញ ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យបន្ដស្រាវជ្រាវមុខសញ្ញាចែកចាយគ្រឿងញៀនក្នុងមូលដ្ឋាន និងប្រភពគ្រាប់បែកដែលជនបង្កបានប្រើប្រាស់, ក្នុងករណីប្រតិបត្តិការបង្ក្រាបអំពើហិង្សាក្នុងគ្រួសារ នៅស្រុកវាលវែង។
តាមរយៈបណ្ដាញសង្គម របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា នៅព្រលប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ មានខ្លឹមសារទាំងស្រុងថា ៖
យើងទាំងអស់គ្នាបានទទួលព័ត៌មានដ៏ក្រៀមក្រំបំផុត អំពីករណីពលីមន្ត្រីនគរបាលជាតិនិងប្រជាការពារ សរុបចំនួន៥រូប ស្លាប់ជនបង្កម្នាក់ និងរបួសប្រជាការពារ១រូប ក្នុងប្រតិបត្តិការបង្ក្រាបអំពើហិង្សាក្នុងគ្រួសារ នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
យោងតាមរបាយការណ៍បឋមរបស់ ឯកឧត្តម អភិបាលខេត្ត និងលោកស្នងការនគរបាលខេត្តពោធិ៍សាត់ ករណីនេះបណ្ដាលមកពីជនល្មើសប្រើប្រាស់គ្រឿងញៀន និងប្រើអំពើហិង្សាក្នុងគ្រួសារ ដោយកម្លាំងសមត្ថកិច្ចបានចេញប្រតិបត្តិការភ្លាមៗ បន្ទាប់ពីទទួលព័ត៌មានពីប្រពន្ធជនបង្ក ប៉ុន្តែក្នុងពេលអន្តរាគមន៍នោះ ជនបង្កក៏បំផ្ទុះគ្រាប់បែក។
ហេតុការណ៍នេះ បានបណ្ដាលឱ្យមានសោកនាដកម្មដូចខាងក្រោម៖
១-លោក សាម រ៉ា នាយប៉ុស្ដិ៍ (ស្លាប់)
២-លោក សូ សុវណ្ណរិទ្ធ មន្ត្រីប៉ុស្ដិ៍ (ស្លាប់)
៣-លោក ជ្រន ប្រឹម ប្រជាការពារ (ស្លាប់)
៤-លោក សុខ អាន ប្រជាការពារ (ស្លាប់)
៥-លោក ចិន្ដា ប្រជាការពារ (ស្លាប់)
៦- ជនបង្កឈ្មោះ អែម ដុំ (ស្លាប់) និង
៧-លោក វ៉ី វឿន ប្រជាការពារ (របួសធ្ងន់)
ខ្ញុំបានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ រដ្ឋបាលខេត្ត រួមទាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងដំណើរការរៀបចំពិធីបុណ្យសពមន្ត្រីនគរបាលជាតិនិងកម្លាំងប្រជាការពារ។ ជាមួយគ្នានេះ ត្រូវបន្តខិតខំស្រាវជ្រាវទាំងមុខសញ្ញាចែកចាយគ្រឿងញៀនក្នុងមូលដ្ឋាននោះ និងប្រភពគ្រាប់បែកដែលជនបង្កបានប្រើប្រាស់។
ក្នុងនាមក្រសួងមហាផ្ទៃ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងក្រុមគ្រួសារ សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំនេះជាមួយក្រុមគ្រួសារសព។ ពលិកម្មមន្ត្រីនគរបាលជាតិ និងប្រជាការពារយើង រួមទាំងសោកនាដកម្មក្នុងករណីនេះទាំងមូល បានដាស់តឿនយើងថា គ្រឿងញៀនគឺជាឃាតករ និងជាសត្រូវដ៏អាក្រក់របស់យើងទាំងអស់គ្នា៕






