ស្នងការនគរបាលខេត្តមណ្ឌលគិរី នាំយកថវិកា និងសួរសុខទុក្ខ ជូនកងកម្លាំងនគរបាលជួរមុខ
(មណ្ឌលគិរី)៖ នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានដឹកនាំប្រតិភូចុះជួបសំណេះសំណាល និងសួរសុខទុក្ខដល់កងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៦២១ និងលេខ៣០៣ ខេត្តមណ្ឌលគិរី ដែលកំពុងឈរជើងប្រចាំការនៅសមរភូមិជួរមុខ ទិសភូមិភាគ៤ ខេត្តព្រះវិហារ និងទិសភូមិភាគ៥ (ព្រៃចាន់) ខេត្តបន្ទាយមានជ័យ។
ដំណើរចុះសួរសុខទុក្ខនេះ ធ្វើឡើងដោយអនុវត្តតាមការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក គង់ គីមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ចំពោះសុខទុក្ខរបស់កងកម្លាំងនគរបាលជួរមុខ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ស្នងការនគរបាលខេត្ត បានឧបត្ថម្ភថវិកាចំនួន ២២លានរៀល ដល់កងកម្លាំងដែលកំពុងឈរជើងប្រចាំការនៅទីនោះ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ អគ្គស្នងការ និងលោកអភិបាលខេត្ត ដល់កងកម្លាំងទាំងអស់ ឲ្យបន្តគោរពវិន័យ គោរពបទបញ្ជាថ្នាក់លើឲ្យបានខ្ជាប់ខ្ជួន រក្សាអនាម័យ និងថែរក្សាសុខភាពឲ្យបានល្អប្រសើរបំផុត។
កងកម្លាំងទាំងអស់បានទទួលស្វាគមន៍ថ្នាក់ដឹកនាំដោយក្តីរំភើបរីករាយ និងពោរពេញដោយស្នាមញញឹម។ ការយកចិត្តទុកដាក់នេះ ឆ្លុះបញ្ចាំងពីការគាំទ្រយ៉ាងមុតមាំចំពោះកងកម្លាំងដែលលះបង់ដើម្បីការពារបូរណភាពទឹកដី។






