នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ផ្ញើសារចូលរួមរំលែកទុក្ខ និងសោកស្តាយយ៉ាងខ្លាំងចំពោះមរណភាពមន្ត្រីនគរបាល២រូប ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅឃុំអូរសោម ខេត្តពោធិ៍សាត់
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ) បានសម្តែងនូវសេចក្តីក្តុកក្តួលរន្ធត់តក់ស្លុត និងសោកស្តាយជាអនេកចំពោះដំណឹង មរណភាពរបស់លោកអនុសេនីយ៍ឯក សាម រ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសោម និងលោកអនុសេនីយ៍ត្រី សូ សុណ្ណារិទ្ធ មន្រ្តីនគរបាលប៉ុស្តិ៍អូរសោម ស្រុកវាលវែង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលបានទទួលមរណភាព ដោយឧបទ្ទវហេតុក្នុងប្រតិបត្តិការកំពុងបំពេញការងារបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀន នៅភូមិឆាយលូក ឃុំអូរសោម កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។
ក្នុងសារលិខិតរំលែកមរណទុក្ខផ្ញើគ្រួសារមន្រ្តីនគរបាលទាំង២រូប នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានចូលរួមរំលែកមរណទុក្ខដ៏មហាក្រៀមក្រំជាមួយក្រុមគ្រួសារ ដោយសេចក្តីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាន។ ការបាត់បង់នេះ គឺជាការបាត់បង់ដ៏ធំធេងនូវកូននិងបងប្អូនជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត។
ជាមួយគ្នានេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានចាត់ទុកមរណភាពរបស់មន្រ្តីនគរបាលទាំង២រូបថា ជាការបាត់បង់នូវមន្ត្រីនគរបាលជាតិដ៏ឆ្នើម ដែលបានពលិកម្មក្នុងបុព្វហេតុជាតិមាតុភូមិ ប្រកបដោយឆន្ទៈមនសិការ បម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ ប្រជាជន និងបានបន្សល់ទុកស្នាដៃជាច្រើនក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិកន្លងមក។
អគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកអនុសេនីយ៍ឯក សាម រ៉ា អនុសេនីយ៍ត្រី សូ សុវណ្ណារិទ្ធ បានទៅកាន់ឋានបរមសុខ និងឆាប់បានយោនយកកំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ការលះបង់ដ៏ធំធេងរបស់លោក គឺជាគំរូវីរភាពមួយសម្រាប់កងកម្លាំងទាំងអស់ក្នុងការបន្តបេសកកម្មប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីសន្តិសុខ សណ្តាប់ធ្នាប់ និងសុខុមាលភាពសង្គមជាតិ៕






