តុលាការខេត្តកណ្ដាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារលើអ្នកបើករថយន្ត បុកអ្នករើសអេតចាយមួយគ្រួសារបណ្ដាលឲ្យស្លាប់ម្នាក់ និងរបួស ៤នាក់ នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ
(កណ្ដាល)៖ លោក ហោ ចាន់ពិសី ចៅក្រមសើបសួរ បានសម្រេចចេញដីកាឃុំខ្លួនបណ្ដោះអាសន្នទៅលើលោក អុឹង ស៊ុនសេង ម្ចាស់រថយន្តម៉ាកសឺដេសសេរីទំនើប ដែលបានបើកបុកគ្រួសារអ្នករើសអេតចាយបណ្ដាលឲ្យស្លាប់កុមារម្នាក់ និងរបួស៤នាក់ ក្រោយលោកស្រី ផាន់ សុគន្ធថង តំណាងអយ្យការបានធ្វើការចោទប្រកាន់រួចមក ។
នេះបើយោងតាមលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល និងលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់មកកាន់អ្នកយកព័ត៌មាន Fresh News នៅល្ងាច ៦ ខែសីហា ឆ្នាំ២០២៦នេះ ។
អ្នកនាំពាក្យដដែលឲ្យដឹងថា ជននេះត្រូវចោទពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្ដាលឲ្យរបួសអ្នកដទៃ និងស្លាប់អ្នកដទៃ» និងបទ «រត់គេចខ្លួន» តាមបញ្ញត្តមាត្រា ៨៣ មាត្រា ៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ ។
សូមជម្រាបសាវតាសាច់រឿងថា លោក អុឹង ស៊ុនសេង ម្ចាស់រថយន្តសេរីទំនើប ដែលបានបើកបុកគេស្លាប់នៅម្ដុំរង្វង់មូលតាខ្មៅ បានចូលសារភាពកំហុស និងសងសំណងទៅគ្រួសារជនរងគ្រោះចំនួន ១,៨៥០០ដុល្លាអាមេរិក ហើយក៏ចូលខ្លួនសារភាពចំពោះមុខមន្ត្រីនគរបាលនៃការិយាល័យចរាចរណ៍ខេត្តកណ្ដាលផងដែរនាល្ងាចថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២៦នេះ ។
ករណីគ្រោះថ្នាក់នេះ បានកើតហេតុកាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២៣៖២០នាទី នៅចំណុចខាងមុខហាង 168 លើផ្លូវជាតិលេខ២១ ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ករណីនេះបណ្ដាលឲ្យកុមារអាយុ ១៣ឆ្នាំ ជាអ្នកបើកម៉ូតូសណ្ដោងរឺម៉កនោះ បានទទួលមរណៈភាព រីឯមនុស្ស៤នាក់ផ្សេងទៀតជាក្រុមគ្រួសារបានរងរបួសធ្ងន់-ស្រាល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ៕






