សមត្ថកិច្ចស្រុករតនមណ្ឌល ឃាត់ខ្លួនមុខសញ្ញា០២នាក់ ករណីលួចខ្សែភ្លើង
បាត់ដំបង៖ នៅវេលាម៉ោង១៤និង៤០នាទី នៅចំណុចភូមិសេរីវ័ន្ត ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីលួចខ្សែភ្លើងមួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យ បានធ្វើសកម្មភាពបិទគប់ភ្លើង និងប្រើកាំបិតកាត់ខ្សែភ្លើងរបស់ជនរងគ្រោះឈ្មោះ សឺន ចាន់នី ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ អស់ប្រវែងប្រហែល១០០ម៉ែត្រ។
ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ផ្នែកជំនាញព្រហ្មទណ្ឌ សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលអណ្តើកហែប នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានចុះស្រាវជ្រាវរហូតដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៦និង០០នាទី ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់៖ ១-ឈ្មោះ ពុធ សុខនី ហៅឃ្និត ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិសេរីវ័ន្ត ឃុំអណ្តើកហែប (ជាអ្នកលួច) និង២-ឈ្មោះ រួន រុំ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល (ជាអ្នកយកទៅលក់) នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល។
ក្រោយការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងរបស់ជនរងគ្រោះប្រាកដមែន ដោយយកទៅឱ្យបក្ខពួកចាត់ចែងយកទៅលក់។ វត្ថុតាងដកហូតរួមមាន៖ ខ្សែភ្លើងប្រវែងប្រហែល១០០ម៉ែត្រ, កាំបិតឆ្នៃដងដែកចំនួន០១, កន្ត្រៃកាត់មែកឈើចំនួន០២ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន។
ជនសង្ស័យត្រូវបាន កម្លាំងនគរបាលស្រុករតនមណ្ឌល កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕






