កម្ពុជា-WASME ពិភាក្សាអំពីឱកាសវិនិយោគលើវិស័យគ្រឿងសម្អាង និងការជំរុញសហគ្រាសធុនតូច និងមធ្យម
សេអ៊ូល៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូដឹកនាំដោយលោកបណ្ឌិត Rhee Sung woo អគ្គលេខាធិការនៃសមាគមពិភពលោកសម្រាប់សហគ្រាសធុនតូច និងមធ្យម (WASME) នៅទីក្រុងសេអ៊ូល កាលពីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។
ក្នុងជំនួបនោះ លោកបណ្ឌិត Rhee Sung woo បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងលើទីផ្សារគ្រឿងសម្អាងនៅក្នុងប្រទេសកម្ពុជា ដោយសមាគមមានបំណងស្វែងរកដៃគូអាជីវកម្ម ក៏ដូចជាគម្រោងបង្កើតរោងចក្រផលិតផ្ទាល់នៅក្នុងប្រទេសកម្ពុជាផងដែរ។
ឆ្លើយតបនឹងការចាប់អារម្មណ៍នេះ ឯកឧត្តមឯកអគ្គរាជទូត បានធ្វើការបកស្រាយលម្អិតអំពីសក្ដានុពលសេដ្ឋកិច្ច កាលានុវត្តភាពវិនិយោគ និងលក្ខខណ្ឌអនុគ្រោះនានា ដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ជូន ជាពិសេសគឺអត្ថប្រយោជន៍នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ជាមួយគ្នានេះ ឯកឧត្តមបានអញ្ជើញគណៈប្រតិភូ WASME ទៅបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីស្ថានភាពទីផ្សារជាក់ស្តែង និងជួបពិភាក្សាផ្ទាល់ជាមួយដៃគូពាក់ព័ន្ធ ដោយឯកឧត្តមបានបញ្ជាក់ថា ស្ថានទូតត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួលកិច្ចការងារនេះ។
គួរបញ្ជាក់ថា WASME គឺជាអង្គការអន្តរជាតិដែលមានបទពិសោធន៍ជាង ៤៥ឆ្នាំ ក្នុងការគាំទ្រ និងលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម (SMEs) លើផ្នែកអភិវឌ្ឍជំនាញ បច្ចេកវិទ្យា ការគ្រប់គ្រងអាជីវកម្ម និងការផ្សព្វផ្សាយ។ បច្ចុប្បន្ន អង្គការនេះមានសមាជិកជាង ១,០០០ ក្រុមហ៊ុននៅទូទាំងពិភពលោក៕






