ឯកឧត្តម នេត្រ ភក្រ្តា៖ “សំឡេងនៃភស្តុតាង ឮខ្លាំងជាងសំឡេងនៃការកុហក និងការបដិសេធ”
“ការពិតមិនអាចលុបបំបាត់បានដោយសេចក្តីថ្លែងការណ៍បដិសេធណាមួយឡើយ ព្រោះភស្តុតាងជាក់ស្តែងនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ នៅលើទឹកដីកម្ពុជា នៅតែបន្តនិយាយដោយខ្លួនឯង”។ នេះជាការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។
ឯកឧត្តម នេត្រ ភក្រ្តា បានបន្តថា៖ “រណ្តៅគ្រាប់បែកដែលបន្សល់ទុកក្រោយការវាយប្រហារតាមអាកាសដោយយន្តហោះចម្បាំង F-16 និង Gripen, សំណល់គ្រាប់បែកចង្កោម និងគ្រាប់យុទ្ធភណ្ឌផ្សេងៗ ស្លាកស្នាមនៃការខូចខាតលើប្រាង្គប្រាសាទបុរាណខ្មែរ រួមទាំងប្រាសាទព្រះវិហារ ប្រាសាទតាក្របី ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលត្រូវបានបំផ្លិចបំផ្លាញ ក៏ដូចជាការស្លាប់ និងរបួសរបស់ជនស៊ីវិល គឺជាសាក្សីស្ងៀមស្ងាត់ដែលមិនអាចកែប្រែដោយវោហារសាស្ត្រណាមួយបានឡើយ”។
បន្ថែមពីលើនេះ រូបភាព និងឯកសារដែលកត់ត្រាសកម្មភាពលួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរ ការដាក់តុងតឺន័រ ការរាយលួសបន្លា ការបិទផ្លូវ និងការបង្កើតស្ថានភាព fait accompli នៅតំបន់ដែលមានវិវាទ បន្តបង្ហាញពីផលវិបាកដែលនៅសេសសល់ក្រោយការប្រើប្រាស់កម្លាំងប្រដាប់អាវុធ។
គេអាចបដិសេធរឿរ៉ាវផ្សេងៗ ប៉ុន្តែរណ្តៅគ្រាប់បែកមិនអាចត្រូវបានបដិសេធបានឡើយ។
ការឃោសនាអាចកែប្រែរឿងរ៉ាវ ប៉ុន្តែមិនអាចកែប្រែស្លាកស្នាមនៃការបំផ្លិចបំផ្លាញបានទេ។ សេចក្តីថ្លែងការណ៍អាចបង្វែរការយកចិត្តទុកដាក់ ប៉ុន្តែមិនអាចធ្វើឱ្យជនរងគ្រោះរស់ឡើងវិញ ឬធ្វើឱ្យផ្ទះដែលត្រូវបានបំផ្លាញត្រឡប់មកដូចដើមបានឡើយ។
ភស្តុតាងទាំងនេះត្រូវតែត្រូវបានរក្សាទុក កត់ត្រា ផ្ទៀងផ្ទាត់ និងបង្ហាញទៅកាន់សហគមន៍អន្តរជាតិ ដើម្បីឱ្យការពិតត្រូវបានការពារ ការទទួលខុសត្រូវត្រូវបានធានា និងដើម្បីកុំឱ្យការប្រើកម្លាំងបង្កើតការពិតថ្មីនៅលើដី ក្លាយជាមធ្យោបាយជំនួសច្បាប់អន្តរជាតិ។ ការពិតមិនត្រូវការសំឡេងខ្លាំងដើម្បីឈ្នះទេ។ ភស្តុតាងគ្រប់គ្រាន់ ពិភពលោកនឹងវិនិច្ឆ័យ។






