ខ្មាន់កាំភ្លើង និងមនុស្សម្នាក់បានស្លាប់ ក្នុងហេតុការណ៍បាញ់ប្រហារនៅសាលារៀន ប្រទេសថៃ

(បាងកក)៖ អាជ្ញាធរថៃ បានឱ្យដឹងថា គ្រូបង្រៀនម្នាក់ត្រូវបានសម្លាប់ និងមនុស្ស ៤នាក់ទៀតត្រូវរបួស ដោយសារតែសិស្សម្នាក់ បានបើកការបាញ់ប្រហារក្នុងសាលារៀនមួយ ស្ថិតនៅភាគខាងជើងទីក្រុងបាងកក នាថ្ងៃសុក្រ ទី៧ ខែសីហានេះ មុនពេលបាញ់សម្លាប់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
មេបូលិសខេត្ត Nonthaburi បានបញ្ជាក់ប្រាប់ Reuters អំពីចំនួនអ្នករងគ្រោះ និងបានឱ្យដឹងថា ខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។ ក្នុងចំណោមអ្នករងរបួស មានគ្រូបង្រៀនម្នាក់ និងសិស្ស ៣នាក់។ ហេតុការណ៍នេះកើតឡើង ក្នុងស្រុក Bang Kruai ខេត្ត Nonthaburi ហើយខ្មាន់កាំភ្លើងគឺជាសិស្ស។
រូបថតដែលផ្សព្វផ្សាយដោយបុគ្គលិកសង្គ្រោះបន្ទាន់ បង្ហាញឱ្យឃើញសិស្សនាំគ្នារត់ចេញពីសាលា Debsirin Nonthaburi នៅជាយក្រុងបាងកក ខណៈរថយន្តសង្គ្រោះកំពុងធ្វើការ។ រូបថតមួយសន្លឹកទៀត គេឃើញមនុស្សម្នាក់ដេកលើរទេះរុញនៅខាងក្រៅរថយន្តសង្គ្រោះ ខណៈម្នាក់ទៀតត្រូវបានគ្រូពេទ្យសង្រ្គោះ។
គួរបញ្ជាក់ថា សេចក្តីរាយការណ៍របស់សារព័ត៌មាន CNA បានឱ្យដឹងថា ថៃជាប្រទេសដែលមានអត្រា កាន់កាប់អាវុធខ្ពស់បំផុតមួយក្នុងតំបន់។ តាមការប៉ាន់ស្មាន មានអាវុធប្រហែល ១០លានដើម កំពុងត្រូវបានប្រើប្រាស់ ឬចរាចរណ៍។ ការសន្យារឹតបន្តឹងច្បាប់ស្តីពីអាវុធ កាលពីពេលកន្លងទៅ មិនបានទប់ស្កាត់ហេតុការណ៍បាញ់ប្រហារ ដែលមានកើតឡើងជាដដែលៗនោះទេ៕

You might also like