អាជ្ញាធរខេត្តត្បូងឃ្មុំ ចុះបង្ក្រាបបទល្មើសជលផល លែងកូនត្រី ៥ម៉ឺនក្បាល ចូលធម្មជាតិវិញ

(ត្បូងឃ្មុំ)៖ កម្លាំងសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលយ៉ាងក្តៅគគុក នៅតាមបឹងធម្មជាតិនានា ក្នុងស្រុកត្បូងឃ្មុំ ដោយរឹបអូស និងបំផ្លាញចោលឧបករណ៍ខុសច្បាប់ជាច្រើន ព្រមទាំងរំដោះកូនត្រីចម្រុះរាប់ម៉ឺនក្បាលលែងចូលក្នុងដែនទឹកធម្មជាតិវិញ។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ ដោយមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។ កម្លាំងរួមប្រតិបត្តិការដឹកនាំដោយលោកនាយ ខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ, រដ្ឋបាលឃុំជីរោទិ៍១, រដ្ឋបាលឃុំជីរោទិ៍២ និងកម្លាំងយោធភូមិភាគ២ ផងដែរ។

សមត្ថកិច្ចបានចុះល្បាត និងស្វែងរកបទល្មើសនៅចំណុចបឹងក្រពើស, ស្លាបទា, បឹងត្រស់ (ស្ថិតក្នុងឃុំជីរោទិ៍១) និងបឹងក្រចាប់ (ស្ថិតក្នុងឃុំជីរោទិ៍២) ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយបង្ក្រាបបានចំនួន ០១ករណី។

ក្នុងនោះ កម្លាំងជំនាញបានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទស្បៃមុងខុសច្បាប់នៅនឹងកន្លែង រួមមាន៖ ឧបករណ៍លូស្បៃមុង ចំនួន ១៨មាត់, របាំងស្បៃមុង ប្រវែង ៩០០ម៉ែត្រ និងបង្គោលចម្រឹង ចំនួន ២៧០ដើម។ ជាមួយគ្នានេះ កូនត្រីចម្រុះ មានទម្ងន់ ៣៦គីឡូក្រាម (ស្មើប្រមាណ ៥០,០០០ក្បាល) ត្រូវបានចាក់លែងចូលទៅក្នុងដែនទឹកធម្មជាតិវិញភ្លាមៗផងដែរ។

បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តកសាងសំណុំរឿងតាមនីតិវិធី និងបន្តដានស្រាវជ្រាវ ដើម្បីទប់ស្កាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ក្នុងន័យថែរក្សានិរន្តរភាពធនធានជលផល ឱ្យបានគង់វង្សសម្រាប់ប្រជាពលរដ្ឋ៕

You might also like