ឯកឧត្តម នេត្រ ភក្រ្តា ចែករំលែក អត្ថបទសារព័ត៌មាន The Diplomat លើព័ត៌មានទាក់ទងនឹងបញ្ហាព្រំដែន និងសកម្មភាពខុសច្បាប់របស់យោធាថៃរំលោភបំពានមកលើទឹកដីកម្ពុជា

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ “កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ សារព័ត៌មាន The Diplomat បានផ្សាយអត្ថបទមួយដ៏វែង ដែលផ្តោតលើមុំព័ត៌មានជាច្រើនរួមទាំងបញ្ហាព្រំដែន បញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម។ ក្នុងក្របខណ្ឌនេះ ខ្ញុំសូមច្បិចយកតែព័ត៌មានដែលអ្នកសារព័ត៌មានលើកទាក់ទងនឹងបញ្ហាព្រំដែន និងសកម្មភាពខុសច្បាប់របស់យោធាថៃរំលោភបំពានមកលើទឹកដីកម្ពុជា។ សង្ខេបជាខ្លឹមសារស្នូល អត្ថបទនេះផ្តល់សម្ភារៈសំខាន់ ៣ ប្រភេទ៖ ទី១ សក្ខីកម្មផ្ទាល់ពីជនរងគ្រោះថា មិនមានវត្តមានយោធាកម្ពុជានៅក្នុងអគារដែលត្រូវវាយប្រហារដោយយោធាថៃ; ទី២ ការសង្កេតផ្ទាល់របស់អ្នកនិពន្ធអំពីអគារដែលមានមនុស្សស្នាក់នៅត្រូវបានទម្លាក់គ្រាប់បែក និងឆេះ; និងទី៣ ការរាយការណ៍អំពីវត្តមាន និងសកម្មភាពយោធាថៃនៅក្នុងទីតាំងដែលអត្ថបទកំណត់ថាស្ថិតលើទឹកដីកម្ពុជា។

អត្ថបទរបស់ Lindsey Kennedy និង Nathan Paul Southern ដែលកាសែត The Diplomat ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានបង្ហាញសក្ខីកម្ម និងការសង្កេតនៅលើដីមួយចំនួនដែលគួរឱ្យយកចិត្តទុកដាក់ ពាក់ព័ន្ធនឹងការវាយប្រហាររបស់យោធាថៃលើទីតាំងនៅក្នុងទឹកដីកម្ពុជា ជាពិសេសនៅតំបន់ជាំ អូរស្មាច់ និងថ្មដា។ ខ្លឹមសារទាំងនេះក៏លើកជាសំណួរសំខាន់មួយថា តើការអះអាងរបស់ថៃដែលថា ប្រតិបត្តិការរបស់ខ្លួន «ត្រូវបានដឹកនាំយ៉ាងតឹងរ៉ឹងទៅលើគោលដៅយោធា» អាចឈរបានដល់កម្រិតណា នៅពេលសក្ខីកម្មរបស់អ្នករស់រានមានជីវិត និងការសង្កេតផ្ទាល់របស់អ្នកសារព័ត៌មាន បង្ហាញរូបភាពខុសគ្នា ផ្ទុយពីអ្វីដែលយោធាថៃតែងតែលើកឡើង។

នៅតំបន់ជាំ សាក្សីជនជាតិនីហ្សេរីយ៉ាម្នាក់ឈ្មោះ Paul បានរៀបរាប់ថា មុនការវាយប្រហារ គាត់មិនដែលឃើញទាហានកម្ពុជា ឬយានយោធាកម្ពុជានៅក្នុងបរិវេណអគារដែលគាត់ត្រូវបានឃុំឃាំងឡើយ។ ប៉ុន្តែប៉ុន្មានម៉ោងមុនពេលបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ការវាយប្រហារបានចាប់ផ្តើមដោយដ្រូន និងការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់។ Paul អះអាងថា សណ្ឋាគារ-កាស៊ីណូសំខាន់ត្រូវបានវាយប្រហារម្តងហើយម្តងទៀត ហើយមានមនុស្សជាច្រើនបានស្លាប់។ សក្ខីកម្មរបស់គាត់មានទម្ងន់ពិសេស ព្រោះគាត់បាននិយាយថា៖ «ខ្ញុំមិនដែលឃើញទាហានកម្ពុជាណាម្នាក់ទេ។ គ្មាននរណាបាញ់តបវិញទេ។ មានតែការវាយប្រហារពីយោធាថៃប៉ុណ្ណោះ»។

នៅអូរស្មាច់ អ្នកនិពន្ធអត្ថបទបានរាយការណ៍ថា ពួកគេទៅដល់តំបន់ភ្លាមៗបន្ទាប់ពីការវាយប្រហារតាមអាកាស ហើយបានឃើញបរិវេណអគារជាច្រើនកំពុងឆេះ។ ទីតាំងទាំងនោះមានមនុស្សរស់នៅ និងមានជនរងគ្រោះពីការជួញដូរមនុស្សជាច្រើន ដែលខ្លះមិនអាចចាកចេញពីអគារបានដោយសេរី។ អ្នកនិពន្ធក៏បញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចជាច្រើនលើកទៅអូរស្មាច់ និងថ្មដា ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ ពួកគេបានឃើញដ្រូនឃ្លាំមើលរបស់ថៃតាមដានយ៉ាងជិតស្និទ្ធលើតំបន់ដែលមានអគារផ្ទុកមនុស្សយ៉ាងច្រើន ប៉ុន្តែពួកគេមិនបានរកឃើញភស្តុតាងថា អគារដែលត្រូវវាយប្រហារទាំងនោះ ត្រូវបានប្រើជាមូលដ្ឋានយោធារបស់កម្ពុជាឡើយ។

បញ្ហានេះមិនឈប់ត្រឹមការវាយប្រហារតាមអាកាសទេ។ អត្ថបទក៏រាយការណ៍អំពីវត្តមានយោធាថៃនៅតំបន់ដែលស្ថិតខាងកម្ពុជា ដោយនៅថ្មដា មានជញ្ជាំងកុងតឺន័រ របាំងផ្លូវ និងទីតាំងឈរជើងរបស់ទាហានថៃ។ នៅអូរស្មាច់ នៅពេលអ្នកនិពន្ធព្យាយាមចូលទៅពិនិត្យកាស៊ីណូមួយដែលស្ថិតនៅលើទឹកដីកម្ពុជា ក៏មានការបាញ់ព្រមានចេញពីទីតាំងយោធាថៃ។ មិនដល់១២ម៉ោងក្រោយមក ទាហានថៃបានបើកការបាញ់ម្តងទៀតក្នុងអំឡុងពេលគណៈប្រតិភូអន្តរជាតិ ដែលមានមន្ត្រីការទូត និងអនុព័ន្ធយោធា ទៅពិនិត្យតំបន់ព្រំដែន។

នៅក្នុងបរិបទធំជាងនេះ បញ្ហាព្រំដែនកម្ពុជា-ថៃមិនមែនជាបញ្ហានៃការប្រយុទ្ធតែមួយពេលឡើយ ប៉ុន្តែពាក់ព័ន្ធនឹងការគោរពបទឈប់បាញ់ ការមិនបង្កើត «ស្ថានភាពជាក់ស្តែងនៅលើដី» ដោយឯកតោភាគី ការមិនសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីក្នុងតំបន់មានវិវាទ និងការធានាឱ្យប្រជាពលរដ្ឋដែលបានភៀសខ្លួនអាចត្រឡប់ទៅផ្ទះ និងដីធ្លីរបស់ខ្លួនដោយសុវត្ថិភាព ស្ម័គ្រចិត្ត និងថ្លៃថ្នូរ។ ការដាក់កុងតឺន័រ បន្លាលួស របាំងផ្លូវ ឬការឈរជើងយោធានៅទីតាំងដែលប៉ះពាល់ដល់ការចូលទៅកាន់ផ្ទះ និងដីរបស់ប្រជាពលរដ្ឋ មិនអាចត្រូវបានមើលជាសកម្មភាពសន្តិសុខធម្មតាបានឡើយ ប្រសិនបើវាបង្កើតការគ្រប់គ្រងដោយកម្លាំងលើទឹកដីដែលកម្ពុជាអះអាងអធិបតេយ្យភាព។

សារសំខាន់បំផុតដែលចេញពីសក្ខីកម្មទាំងនេះ គឺថា ការអះអាងរបស់ភាគីយោធាណាមួយថា ខ្លួនវាយតែគោលដៅយោធា មិនអាចត្រូវបានទទួលយកដោយស្វ័យប្រវត្តិឡើយ។ នៅពេលមានសាក្សីនិយាយថា មិនបានឃើញវត្តមានយោធាកម្ពុជា នៅពេលអ្នកសារព័ត៌មានឃើញអគារដែលមានមនុស្សស៊ីវិលត្រូវបានវាយប្រហារ និងនៅពេលទីតាំងក្រោយការវាយប្រហារត្រូវបានកាន់កាប់ដោយកងកម្លាំងបរទេស នោះការទាមទារឱ្យមានការពិនិត្យដោយឯករាជ្យ និងការទទួលខុសត្រូវតាមច្បាប់អន្តរជាតិ គឺជារឿងចាំបាច់”។

You might also like