រកឃើញជនបរទេសស្នាក់នៅពុំមានលិខិតឆ្លងដែនត្រឹមត្រូវ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
អនុវត្តតាមការណែនាំរបស់ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះធ្វើរដ្ឋបាលចំហទីតាំងអគារស្នាក់នៅមួយកន្លែងដែលមានលើកស្លាកយីហោ “ហាយ អាន អាផាតមិន” បានរកឃើញសម្ភារ និងវត្ថុជាឧបករណ៍អេឡិចត្រូនិចជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) វត្ថុសង្ស័យជាសារធាតុញៀន ព្រមទាំងរកឃើញជនបរទេសស្នាក់នៅពុំមានលិខិតឆ្លងដែនត្រឹមត្រូវ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានសម្រេចដកហូតវត្ថុតាងរួមមាន៖
-កុំព្យូទ័រ All-In-One ចំនួន ១៤គ្រឿង
-កុំព្យូទ័រយួរដៃ(Laptop) ចំនួន ១០គ្រឿង
-ទូរស័ព្ទដៃចំនួន ១៧គ្រឿង
-កាំភ្លើងខ្យល់(ខ្លី) ០១ដើម បង់ចំនួន ០១ និងកាំបិតចំនួន ០១
-វត្ថុសង្ស័យជាសារធាតុញៀនមួយចំនួន
ជាមួយគ្នានោះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ៣៥នាក់ ស្រី ០៤នាក់ ក្នុងនោះ៖
-សង្ស័យជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ចំនួន ១២នាក់ ស្រី ០៣នាក់ រួមមាន ជនជាតិវៀតណាម ១០នាក់ ស្រី ០៣នាក់ និងជនជាតិចិន ០២នាក់(ប្រុស)
– សង្ស័យជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ចំនួន ០២នាក់ ស្រី ០១នាក់ រួមមាន ជនជាតិចិន ០១នាក់(ប្រុស) និងជនជាតិវៀតណាម ០១នាក់(ស្រី)
-ស្នាក់នៅគ្មានលិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធត្រឹមត្រូវ ចំនួន ២១នាក់(ប្រុស) រួមមាន៖ ជនជាតិចិន ១៨នាក់ និងជនជាតិវៀតណាម ០៣នាក់។
ជនសង្ស័យទាំង ៣៥នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីសាកសួរ៕






