លោក នេត្រ ភក្ត្រា ចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គនៅស្រុកឆ្លូង ខេត្តក្រចេះ

(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងពិនិត្យស្ថានភាពទឹកជំនន់នៅតាមដងទន្លេមេគង្គ ក្នុងឃុំព្រែកសាម៉ាន់ និងឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។
ក្នុងបេសកកម្មកាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោករដ្ឋមន្ត្រីបានចុះពិនិត្យដោយផ្ទាល់ដល់ទីតាំងរស់នៅរបស់ប្រជាពលរដ្ឋ និងបានណែនាំអាជ្ញាធរស្រុក ឃុំ ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ឆ្លើយតបឱ្យបានទាន់ពេលវេលា ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ និងសត្វពាហនៈ ករណីស្ថានភាពគ្រោះធម្មជាតិមានសភាពធ្ងន់ធ្ងរ។
លោក នេត្រ ភក្ត្រា ក៏បានពាំនាំនូវការសួរសុខទុក្ខយ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជូនចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានណែនាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់តាមដានស្ថានភាពធាតុអាកាស និងកម្រិតទឹកទន្លេជាប្រចាំ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរបំផុត។
លោក នេត្រ ភក្ត្រា បានបន្តចុះតាមផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិព្រែកសណ្តាយ ភូមិឈើទាលភ្លោះ នៃឃុំព្រែកសាម៉ាន និងភូមិចំឡាក់ នៃឃុំកញ្ជរ ស្រុកឆ្លូងដោយបានណែនាំឱ្យអាជ្ញាធរឃុំ និងស្រុក ត្រូវតាមដានយកចិត្តទុកដាក់ទៅលើកុមារតូចៗ និងការពារទុកជាមុនក្នុងករណីចាំបាច់។
ការចុះពិនិត្យនេះបង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមការងាររាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទន្លេមេគង្គ។
យោងតាមរបាយការណ៍របស់លោកស្រី គង់ លឹមហូ អភិបាលស្រុកឆ្លូង ខេត្តក្រចេះ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ផលប៉ះពាល់ដោយទឹកជំនន់ កម្ពស់ទឹកទន្លេមេគង្គឡើងដល់កម្រិត ២១.៧៣ម៉ែត្រ បណ្តាលឱ្យស្រុកឆ្លូងទាំងមូលរងផលប៉ះពាល់វិស័យសង្គម វិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធឃុំចំនួន៧ឃុំស្មើនឹង ៣១ភូមិ រួមមាន៖
*ប៉ះពាល់គ្រួសារចំនួន១៨៣៣គ្រួសារ មនុស្សសរុប ៨០១១នាក់ ស្ត្រី ៩ ០៩៤នាក់, ប៉ះពាល់ខ្នងផ្ទះសរុប ១ ៤៦១ខ្នង ស្មើនឹង១៤៦១គ្រួសារ, សាលារៀន៨កន្លែង, សាលាឃុំ២កន្លែង, ប៉ះពាល់ស្រូវសរុប៣៦១ហិកតា ស្មើនឹង៣២៦គ្រួសារ និងប៉ះពាល់ដំណាំរួមផ្សំសរុប៤៥ ស្មើនឹង ៤៤គ្រួសារ ក្នុងនោះ៖ ផ្លូវសរុប ៤៣ខ្សែ (ផ្លូវគ្រួស៤០ខ្សែ, បេតុង ៣ខ្សែ)ដែលមានប្រវែងសរុប ៧៤,៣៧១ម៉ែត្រ ផ្លូវដីគ្រួស ៧៧,៣៧ម៉ែត្រ និងផ្លូវបេតុង៦៥០ម៉ែត្រ។ ស្ពាន ២កន្លែង នៅឃុំព្រែកសាម៉ាន់, បង្គន់អនាម័យ ចំនួន១០៣១បង្គន់, លូកាត់ផ្លូវ ៤០កន្លែង, ទំនប់ ២៨កន្លែង, វិហារសាសនា ៤កន្លែង, បាក់ច្រាំងទន្លេចូលមកផ្លូវ ប្រវែង ៨៧៣ម៉ែត្រ (ឃុំហាន់ជ័យ ឃុំកញ្ជរ), ទ្វាទឹក ៧៣ កន្លែង។
ដោយឡែកនៅឃុំព្រែកសាម៉ាន់ ប្រជាពលរដ្ឋសង់ផ្ទះនៅច្រាំងបានរងហានិភ័យយ៉ាងខ្លាំងពីទឹកជំនន់ ទន្លេមេគង្គ នៅភូមិ២គឺ៖ ភូមិឈើទាលភ្លោះ មានខ្នងផ្ទះសរុប ២៦៤ខ្នង ប៉ះពាល់ផ្ទះ ២១៤ខ្នង ក្នុងនោះផ្ទះនៅក្នុងច្រាំងទន្លេ ៥៣ខ្នង (ជម្លៀសចេញ ៦គ្រួសារ ទៅនៅផ្ទះអ្នកជិតខាង)។
ភូមិព្រែកសណ្តាយ មានខ្នងផ្ទះចំនួន៤៥២ខ្នង ក្នុងនោះប៉ះពាល់ទាំង៤៥២ខ្នង ក្នុងនោះផ្ទះជាប់ប្រាំងទន្លេ ៧៩ខ្នង ជម្លៀសចេញ ៦៥គ្រួសារ ទៅនៅផ្ទះអ្នកជិតខាង៕

You might also like