ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ៖ វីដេអូបង្ហោះថា មានចោរលួចបូមប្រេងឡាន គឺជាព័ត៌មានចាស់

(ពោធិ៍សាត់)៖ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីបំភ្លឺព័ត៌មានផ្លូវការ ដើម្បីបដិសេធ និងបំភ្លឺជូនសាធារណជនឱ្យបានជ្រាប ពាក់ព័ន្ធនឹងការបង្ហោះវីដេអូឃ្លីបតាមបណ្តាញសង្គមហ្វេសបុក ករណីសកម្មភាពចោរកំពុងលួចបូមប្រេងរថយន្តធុនធំ ដែលជាព័ត៌មានគ្មានមូលដ្ឋានច្បាស់លាស់ និងធ្វើឱ្យមានការភ័ន្តច្រឡំ។
សេចក្តីបំភ្លឺបានបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ មានគណនីហ្វេសបុកឈ្មោះ Ratha Na បានបង្ហោះវីដេអូឃ្លីបមួយ ស្តីពីសកម្មភាពចោរកំពុងធ្វើការលួចបូមប្រេងចេញពីរថយន្តធុនធំ ១គ្រឿង ដែលបានចតនៅលើចិញ្ចើមផ្លូវ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកស្នងការនគរបាលខេត្ត បានចាត់ឱ្យក្រុមការងារប្រតិកម្មរហ័ស សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាមបណ្តោយផ្លូវជាតិលេខ៥ ចុះស្រាវជ្រាវផ្ទៀងផ្ទាត់ និងត្រួតពិនិត្យយ៉ាងល្អិតល្អន់ នៅទីតាំងកើតហេតុ សាកសួរអ្នកពាក់ព័ន្ធ ពិនិត្យកាមេរ៉ាសុវត្ថិភាព និងកំណត់ហេតុការចរាចរណ៍ ដោយទទួលបានលទ្ធផលជាក់ស្តែងដូចខាងក្រោម ៖
១. វីដេអូឃ្លីបនេះ គឺជាវីដេអូចាស់ ដែលបានកើតឡើងតាំងពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥មកម៉្លេះ។
២. មុខសញ្ញានៅក្នុងវីដេអូឃ្លីបនេះ និងបក្សពួកមួយចំនួនទៀត ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅពន្ធនាគារកាលពីប៉ុន្មានឆ្នាំមុនរួចហើយ (មុខសញ្ញាខ្លះពុំទាន់បានដោះលែងចេញពីពន្ធនាគារនៅឡើយទេ ដោយសារពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត)។
៣. ជាក់ស្តែងក្នុងឆ្នាំ២០២៦នេះ គឺពុំមានបទល្មើសចោរកម្មលួចបូមប្រេងកើតឡើងដូចការលើកឡើងនោះឡើយ។ ការពិនិត្យបង្ហាញថា ព័ត៌មាននេះជាព័ត៌មានចាស់ និងខ្លះប្រឌិតឡើងដោយចេតនាមិនល្អ ដើម្បីកេងចំណេញផ្ទាល់ខ្លួន និងទម្លាក់កំហុសលាបពណ៌មកលើអាជ្ញាធរដែនដី។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជា និងគោលការណ៍ណែនាំយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងជំនាញ ពិសេសអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលជាប់ផ្លូវជាតិ ត្រូវពង្រឹងវិធានការជំនាញត្រួតពិនិត្យល្បាត ដើម្បីបង្ការទប់ស្កាត់កុំឱ្យកើតមានឡើងនូវបទល្មើសគ្រប់ប្រភេទ។
ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សូមអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម មេត្តាផ្ទៀងផ្ទាត់ព័ត៌មាន កុំជឿ និងកុំចែករំលែក (Share) ព័ត៌មានគ្មានប្រភពច្បាស់លាស់ ឬគ្មានការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច និងសូមកុំយកវីដេអូ ឬរូបភាពចាស់ៗមកបង្ហោះ ដែលធ្វើឱ្យមានការភ័ន្តច្រឡំ និងបំពុលបរិយាកាសសង្គម។ កងកម្លាំងសមត្ថកិច្ចខេត្តពោធិ៍សាត់ នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការល្បាត ការពារសុវត្ថិភាព និងសន្តិសុខជូនប្រជាពលរដ្ឋគ្រប់ពេលវេលា ២៤ម៉ោង/៧ថ្ងៃ។
ទន្ទឹមនឹងនេះ ស្នងការដ្ឋាននគរបាលខេត្ត ក៏បានអំពាវនាវជាពិសេសដល់បងប្អូនជាអ្នកប្រកបអាជីវកម្មដឹកជញ្ជូន និងអ្នកបើកបររថយន្តដឹកទំនិញធុនធ្ងន់ ក្នុងករណីមានសកម្មភាពចោរកម្ម ឬបទល្មើសផ្សេងៗ សូមរាយការណ៍ផ្ទាល់មកកាន់សមត្ថកិច្ចមូលដ្ឋានដែលនៅជិតកន្លែងកើតហេតុ ឬតាមរយៈ Hotline ០៩៧ ៧ ៧៧៨ ០១៥ (ប្រចាំបញ្ជា ២៤ម៉ោង/៧ថ្ងៃ) និងទំព័រ Facebook ផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីសមត្ថកិច្ចចាត់វិធានការ និងចេញអន្តរាគមន៍បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕

You might also like