ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិកា អញ្ជើញចុះពិនិត្យស្ថានភាព និងសក្ដានុពលប្រភពទឹកស្រោចស្រពនៃអាងទឹកត្រពាំងព្រីង ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ
នារសៀលថ្ងៃអាទិត្យ ២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យស្ថានភាព និងសក្ដានុពលប្រភពទឹក នៃគម្រោងសាងសង់អាងទឹកត្រពាំងព្រីង ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា អាងទឹកត្រពាំងព្រីង គឺជាប្រភពទឹកដ៏សំខាន់សម្រាប់ទ្រទ្រង់ប្រព័ន្ធធារាសាស្ត្រ «៣០កញ្ញា»។ ឆ្លើយតបនឹងតម្រូវការនេះ ក្រសួងបាននិងកំពុងរៀបចំផែនការអភិវឌ្ឍន៍ និងធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រនេះ ចាប់ពីប្រភពទឹកដើមរហូតដល់ប្រព័ន្ធបែងចែកទឹក។
ឯកឧត្តមបានបន្ថែមថា ការងារបច្ចេកទេសផ្តោតលើការស្ទាក់ និងរក្សាទុកទឹកសម្រាប់ប្រើប្រាស់ពហុបំណង ដើម្បីធានាប្រភពទឹកសម្រាប់ស្រោចស្រពផ្ទៃដីបង្កបង្កើនផលកសិកម្ម និងផ្គត់ផ្គង់ទឹកក្នុងជីវភាពរស់នៅជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ព្រមទាំងតំបន់ជុំវិញ៕






