លោកជំទាវ លៀង យុគ ថោជេដ្ឋា អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជូនដល់មន្ត្រីរាជការនារីដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានផ្ទាល់ ក្នុងខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

នារសៀលថ្ងៃអាទិត្យ ២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦នេះ លោកជំទាវ លៀង យុគ ថោជេដ្ឋា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍នៃក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជួបសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជូនដល់លោកស្រី យ៉ាន រ៉េត ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានផ្ទាល់ ស្ថិតក្នុងភូមិវាលស្បូវ សង្កាត់វាលស្បូវ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សូមជម្រាបថា លោកស្រី យ៉ាន រ៉េត ជាមន្រ្តីរាជការកំពុងបម្រើការនៅនាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងធនធានទឹក និងឧតុនិយម មានជំងឺប្រចាំកាយ និងធ្លាប់បានទៅព្យាបាលនៅមន្ទីរពេទ្យ បច្ចុប្បន្ននេះលោកស្រី កំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន។ ការអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខនាពេលនេះ ក៏មានវត្តមានចូលរួមអមដំណើរពីលោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការ ព្រមទាំងលោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមនារីកម្ពុជាដើម្បីសនិ្ដភាព និងអភិវឌ្ឍន៍សាខាក្រសួងធនធានទឹក និងឧតុនិយម ជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះ លោកជំទាវ លៀង យុគ ថោជេដ្ឋា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ដែលជានិច្ចកាល ឯកឧត្តមតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងសុខុមាលភាពរបស់មន្ត្រីរាជការក្រោមឱវាទនៃក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងបានជូនពរឱ្យលោកស្រី យ៉ាន រ៉េត ឆាប់ជាសះស្បើយពីជំងឺ និងមានសុខភាពល្អប្រសើរឡើងវិញ៕

You might also like