ក្មេងម្នាក់ លក់គ្រឿងម្ជូរ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត ក្រុមសន្តិសុខកោះនរាហ៍ យកគ្រឿងម្ជូរមួយថាសទៅទាំងគ្មានអាណិតគ្នាទាល់តែសោះ
ភ្នំពេញ ៖ ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ខណៈក្រុមសន្តិសុខកោះនរាហ៍ បានយកគ្រឿងម្ជូរមួយថាស ដាក់លើរថយន្ត និងនាំយកទៅ។ តើការងាររបស់កម្លាំងអន្តរាគមន៍ និងក្រុមសន្តិសុខ គឺដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ឬយ៉ាងណា? ហេតុអ្វីបានជាករណីក្មេងតូចម្នាក់ ដែលខិតខំលក់គ្រឿងម្ជូរ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត ក៏ត្រូវប្រឈមនឹងការយកទំនិញរបស់ខ្លួនទៅទៀត? អ្វីដែលធ្វើឱ្យមហាជនមានការអាណិតអាសូរ គឺក្មេងប្រុសម្នាក់នេះកំពុងខិតខំប្រកបរបរតូចតាច ដើម្បីរកប្រាក់ដោះស្រាយជីវភាពប្រចាំថ្ងៃ សម្រាប់កុមារដែលសូម្បីតែអាហារ៣ពេលក៏នៅតែពិបាក តើការយកទំនិញរបស់គាត់ទៅ គឺជាវិធីដោះស្រាយដែលសមស្របដែរឬទេ?
មហាជន សូមស្នើឱ្យស្ថាប័នពាក់ព័ន្ធពិនិត្យ និងបំភ្លឺឱ្យបានច្បាស់លាស់ថា តើមានបទបញ្ជា ឬមូលហេតុអ្វីខ្លះដែលនាំឱ្យមានការយកគ្រឿងម្ជូររបស់ក្មេងប្រុសនេះទៅ និងទំនិញនោះត្រូវបានដោះស្រាយយ៉ាងដូចម្តេច?
ការរក្សាសណ្តាប់ធ្នាប់ គួរតែដើរទន្ទឹមនឹងមនុស្សធម៌ ជាពិសេសចំពោះកុមារ និងអ្នកប្រកបរបររកស៊ីតូចតាច ៕






