កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការបំបែកករណីគាស់ហាងលួចយកទូរសព្ទ័ជាច្រើនគ្រឿង និងហាងទទួលទិញផលចោរកម្ម

ខេត្តកំពង់ស្ពឺ៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការបើកប្រតិបត្តិការបំបែកសំណុំរឿងករណីលួចមានស្ថានទម្ងន់ទោសនិងទទួលផលចោរកម្ម ឃាត់ខ្លួនជនសង្ស័យបាន០៦នាក់និងចាប់យកវត្ថុតាងទូរស័ព្ទជាច្រើនគ្រឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ក្រោយធ្វើសកម្មភាពលួចទូរសព្ទពីហាងជនរងគ្រោះនៅក្នុងភូមិសាស្ត្រស្រុកថ្ពង។
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ ព្រះរាជអាជ្ញាអមសាលា ដំបូង ស្វាយរៀង និងព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងកងរាជអាវុធហត្ថខេត្តខេត្តស្វាយរៀង និងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការ ស្រាវជ្រាវកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់៦នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសនិងទទួលផលចោរកម្ម។
យោងតាមពាក្យបណ្ដឹងជនរងគ្រោះឈ្មោះ ស៊ន រ៉ាឈីត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិថ្នល់បំបែក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ដោយកាលពីវេលាម៉ោង១:៣០នាទីយប់ ថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២៦ ជនរងគ្រោះបានភ្ញាក់ដឹងខ្លួនស្រាប់តែឮសម្លេងរុះរើកកាយ ក៏បានដើរ ទៅមើលស្រាប់តែបាន ឃើញចោរម្នាក់កំពុងធ្វើ សកម្មភាពលួចទូរសព្ទនៅខាង ក្នុងហាងរបស់ខ្លួន ភ្លាមនោះចោរក៏បានឃើញជនរង គ្រោះ ហើយបានយកទូរសព្ទរត់គេចខ្លួន។ ជនរងគ្រោះបានត្រួតពិនិត្យមើលក្នុងទូរដាក់ទូរសព្ទបាត់ទូរសព្ទសរុបចំនួន២១០គ្រឿង។
ក្រោយពីបានទទួលបណ្តឹងរបស់ជនរងគ្រោះភ្លាម ក្រោមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង១៤:៣០នាទី ថ្ងៃ២០ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានពន្លាតសមត្ថកិច្ចដែនដី សហការជាមួយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌនៃមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់មានឈ្មោះ កែម សុជាតិ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ទូរសព្ទ និងឈ្មោះ ឈុន ម៉ុនដេ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ទូរសព្ទ ព្រមទាំងចាប់យកវត្ថុតាងរួមមានទូរសព្ទចំនួន៣៣ គ្រឿង ក្នុងនោះទូរសព្ទចំនួន៣០គ្រឿង ជារបស់ជនរងគ្រោះ ស្ថិតនៅចំណុចភូមិ០១ សង្កាត់លេខ០១ ក្រុងព្រះសីហនុ ខេត្តកំពង់ស្ពឺ។
ក្រោមវិធានជំនាញរបស់អាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តសហការកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដោយនៅវេលាម៉ោង១១:៣០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បន្តឆែកឆេរចំនួន០២ទីតាំងនិងឃាត់ខ្លួនជនសង្ស័យបាន០២នាក់ទៀត។នៅចំណុចហាងលក់ទូរស័ព្ទដៃ យីហោ គឹម ហាក់ ស្ថិតនៅផ្លូវ៥៩៩ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជនសង្ស័យមានឈ្មោះ ជា គឹមហាក់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ទូរសព្ទ បច្ចុប្បន្នរស់ស្ថិតនៅផ្លូវ៥៩៩ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងឈ្មោះ គឹម ថេង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ទូរស័ព្ទ ទីលំនៅបច្ចុប្បន្នស្ថិតនៅផ្ទះលេខ៣០ ផ្លូវលេខ៥ ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។លុះដល់វេលាម៉ោង១៣:៣០នាទី នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថបានបន្តសហការឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតឈ្មោះ ទត ថា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅនៅផ្ទះ២៣១ ផ្លូវចុងកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។
លុះដល់វេលាម៉ោង១៧:១០នាទី នាថ្ងៃខែឆ្នាំដដែល កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តសហការជាមួយកម្លាំងអាវុធហត្ថខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យបាន០១នាក់ទៀត មានឈ្មោះ ញឹម សារី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិសម្ភារ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ជាលទ្ធផលក្នុងរង្វង់ប្រតិបត្តិការដ៏ក្តៅគគុគនេះ ក្រោមបទបញ្ជាយ៉ាងមុឺងម៉ាត់និងយកចិត្តទុកដាក់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានចូលរួមការសហការយ៉ាងរលូនប្រកបដោយប្រសិទ្ធិភាពពីអាជ្ញាធរមានសមត្ថកិច្ចតាមបណ្តាខេត្តក្រុងពាក់ព័ន្ធធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ និងចាប់យកវត្ថុតាងបានរួមមាន៖ទូរស័ព្ទ សរុបចំនួន១៩៨គ្រឿង (IPhone ចំនួន៦៥គ្រឿង , Samsung ចំនួន០៤គ្រឿង , OPPO ចំនួន១៩គ្រឿង , VIVO ចំនួន០៥គ្រឿង , HUAWEI ចំនួន០៧គ្រឿង , Realme ចំនួន៣២គ្រឿង , Hi Nova ចំនួន៣២គ្រឿង , Honor ចំនួន០៨គ្រឿង , TENO ចំនួន១៩គ្រឿង , IQOO ចំនួន០១គ្រឿង , METZU ចំនួន០២គ្រឿង , Mi ចំនួន០២គ្រឿង , គ្មានម៉ាក ចំនួន០២គ្រឿង) និងម៉ូតូ ម៉ាកBEAT ពណ៌ខៀវ ផ្លាកលេខ ភ្នំពេញ 1MM-9756 សេរីឆ្នាំ២០២៥។
ជនសង្ស័យទាំង០៦នាក់ខាងលើរួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺកសាង សំណុំរឿង‌‎បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕

You might also like