មានវិបត្តិក្នុងគ្រួសារ ជិះម៉ូតូមកលោតទឹកលើស្ពានស៊ីជីនពីងទន្លេបាសាក់ តែអារក្សទឹកមិនទទួល

ខេត្តកណ្តាល៖ បុរសម្នាក់ដោយមានវិបត្តិក្នុងគ្រួសារ បានសម្រេចចិត្តជិះម៉ូតូឡើងលើស្ពានស៊ីជីនពីង ទន្លេបាសាក់ លោតទឹកសម្លាប់ខ្លួន ជួនអារក្សទឹកមិនទទួល ក៏បានហែលឡើងមកច្រាំងវិញ ត្រូវសមត្ថកិច្ចហៅទៅសួរនាំ និងធ្វើការអប់រំ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២០ និង០៥នាទី នៅចំណុចលើស្ពានមហាវិថីស៊ីជីនពីង ទន្លេបាសាក់ (ស្ពានភ្លោះខាងត្បូង) ស្ថិតក្នុងភូមិស្វាយពុំត្រង់ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយ៍ត្រី ឌុល ចំណាន នាយប៉ុស្តិ៍នគរបាលកោះអន្លង់ចិន បានប្រាប់ឱ្យដឹងថា ដោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលធ្វើដំណើរនៅលើស្ពាន ថាប្រទះឃើញម៉ូតូ SCOOPY ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1LT-5572 សោចាក់ជាប់ម៉ូតូ មានទូរស័ព្ទ ១គ្រឿង នៅក្នុងឃ្លុបម៉ូតូ និងមានស្បែកជើងផ្ទាត់ពណ៌ខ្មៅ ១គូ តែមិនឃើញម្ចាស់ លោកនាយប៉ុស្តិ៍ក៏ប្រញាប់មកកាន់ទីតាំងកើតហេតុភ្លាម គឺបុរសជាជនរងគ្រោះនៅរស់ឈ្មោះ ឈិត សុភ័ណ្ឌ អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះបានសារភាពថា ដោយខ្លួនមានជំពាក់បំណុលគេច្រើនដោះស្រាយមិនរួច ជាវិបត្តិដ៏ធ្ងន់ធ្ងរ និងមានទាស់សម្តីគ្នាជាមួយប្រពន្ធ ទើបសម្រេចចិត្តមកលោតទឹកបញ្ចប់ជីវិត តែអារក្សទឹកមិនទទួល ទើបធ្វើឱ្យខ្លួនប្រវ៉េប្រវ៉ាហែលទឹកឡើងមកច្រាំង ឡើងគោក មិនស្លាប់ និងត្រូវបានសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍សាកសួរ អប់រំ លួងលោម ហើយក៏បានទំនាក់ទំនងទូរស័ព្ទទៅប្រពន្ធឱ្យមកទទួលយកជនរងគ្រោះ វិលត្រឡប់ទៅលំនៅដ្ឋានជួបជុំប្រពន្ធកូនក្នុងក្រុមគ្រួសារវិញ៕

You might also like