បើករ៉ឺម៉កដឹកកម្មករចេញពីធ្វើការជ្រុលបុកខឿនផ្លូវក្រោមដីស្ពានអាកាសចោមចៅ រងរបួសធ្ងន់
ភ្នំពេញ៖ បុរសម្នាក់បើករ៉ឺម៉កដឹកកម្មការិនីចេញពីធ្វើការរោងចក្រ ចុះផ្លូវក្រោមដីស្ពានអាកាសចោមចៅជ្រុលបុកខឿន បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានក្រុមសង្គ្រោះបន្ទាន់ ៧១១ កងពលតូចលេខ ៧០ ជួយលាងរបួស។
ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ នៅក្រោមស្ពានអាកាសចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ទាន់ ស៊ាន ភេទប្រុស អាយុ ៦៦ឆ្នាំ រងរបួសបែកត្រង់ក្បាលខាងក្រោយ មានអាសយដ្ឋាននៅភូមិកំបែងច្រេស ឃុំរវៀង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករ៉ឺម៉កដឹកកម្មការិនីចេញពីរោងចក្រ ដើម្បីទៅដាក់តាមផ្ទះរៀងៗខ្លួន ខណៈបើកចុះផ្លូវក្រោមដីស្ពានអាកាសចោមចៅ ក៏រេចង្កូតទៅបុកខឿនផ្លូវបណ្តាលឱ្យរងរបួស។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព ៧១១ កងពលតូចលេខ ៧០ ជួយជូតលាងរបួសរួចរាល់ហើយ គាត់សុំត្រឡប់ទៅផ្ទះវិញដោយខ្លួនឯង៕






