អ្នកបេីកបររថយន្តលោក ឈុន ឆាង ដែលជំនាញគោះលុយ បញ្ជូនទៅដល់តុលាការ
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបញ្ជូនឈ្មោះ សុខ ធន់ អ្នកបេីកបររថយន្តលោក ឈុន ឆាងអតីតប្រធាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ទៅដល់អយ្យការអមសាលាដំបូងខេត្តស្វាយរៀងហេីយ ដេីម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ។
តាមការបង្ហើបពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីស្តាប់ចម្លើយឈ្មោះ សុខ ធន់ សមត្ថកិច្ចបានសន្និដ្ឋានថា លោក ឈុន ឆាង នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត ស្វាយរៀង ពិតជាមានការពាក់ព័ន្ធនឹង បទកំហែងយក និង រំលោភអំណាច ដោយសារបានប្រើអំណាចជាសមត្ថកិច្ចដេញឃាត់ រថយន្ត ដឹកក្រណាត់យកទៅទុកនៅផ្ទះជួលរបស់ខ្លួន ដោយគ្មានដីកា គ្មានបញ្ហាពីព្រះរាជអាជ្ញា និងគ្មាន កំណត់ហេតុ ដើម្បីមានគំនាបទៅលើម្ចាស់ទំនិញ នឹងមានការបញ្ជាឲ្យដោះលែងក្រោយពីឈ្មោះ សុខ ធន់ បានទទួលប្រាក់ពីម្ចាស់ទំនិញ ។
ចំណែក ឈ្មោះ សុខ ធន់ ពិតជាមានការពាក់ព័ន្ធនឹង បទសមគំនិតក្នុងអំពើកំហែងយក ដោយហេតុថា បានចូលរួមធ្វើសកម្មភាពសម្របសម្រួលក្នុងការទទួលយកប្រាក់ចំនួន ៩,០០០$ ពីដើមបណ្ដឹងនៅផ្ទះជួល របស់ លោក ឈុន ឆាង និងបាននាំយកប្រាក់ដែលជាផលនៃបទល្មើសនោះទៅលាក់ទុកនៅឯស្រុកកំណើត ។






