បញ្ជូនជនសង្ស័យ ៦៨នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ រក្សាទុក ចាត់ចែង សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងករណីបើកល្បែងស៊ីសងដោយខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង ០២:៣០នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំបញ្ជារួមដោយលោក អនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង និងលោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថក្រុង ក្រោមការសម្របសម្រួលនីតិវិធីដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានធ្វើប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ រក្សាទុក ចាត់ចែង សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, ករណីបើកល្បែងស៊ីសងដោយខុសច្បាប់ ចំនួន ០២ទីតាំង ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។
ទីតាំងទី១ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៤៦នាក់/ស្រី ២១នាក់ ក្នុងនោះជនសង្ស័យដែលពាក់ព័ន្ធចំនួន ១៧នាក់/ស្រី ០៩នាក់ ដែលមានបុគ្គលិកជនជាតិខ្មែរចំនួន ០៤នាក់/ស្រី ០៣នាក់ និងភ្ញៀវចំនួន ១៣នាក់/ស្រី ០៦នាក់ រួមមាន ០៣ជនជាតិ ដូចជា៖ ជនជាតិចិនចំនួន ០១នាក់ (ប្រុស), ជនជាតិឡាវចំនួន ០២នាក់ (ស្រី), ជនជាតិខ្មែរចំនួន ១០នាក់/ស្រី ០៦នាក់។
ទីតាំងទី២ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៨៧នាក់/ស្រី ៥០នាក់ ក្នុងនោះជនសង្ស័យដែលពាក់ព័ន្ធចំនួន ៥១នាក់/ស្រី ៣៩នាក់ ដែលមានបុគ្គលិកជនជាតិខ្មែរចំនួន ១១នាក់/ស្រី ១០នាក់ និងភ្ញៀវចំនួន ៤០នាក់/ស្រី ២៩នាក់ មាន ០៥ជនជាតិ ដូចជា៖ ជនជាតិវៀតណាមចំនួន ០៤នាក់ (ស្រី), ជនជាតិថៃ ១៥នាក់/ស្រី ១១នាក់, ជនជាតិចិនចំនួន ០៦នាក់ (ប្រុស), ជនជាតិឥណ្ឌូណេស៊ីចំនួន ០១នាក់ (ប្រុស), ជនជាតិខ្មែរចំនួន ១៤នាក់ (ស្រី)។
សរុបទាំង ០២ទីតាំងខាងលើ ចំនួន ១៣៣នាក់/ស្រី ៧១នាក់ ក្រោយពីបានសួរនាំ និងធ្វើតេស្តទឹកនោមរកសារធាតុញៀន រកឃើញជនសង្ស័យដែលពាក់ព័ន្ធសរុបចំនួន ៦៨នាក់/ស្រី ៤៨នាក់ ក្នុងនោះជនជាតិខ្មែរ ៣៩នាក់/ស្រី ៣១នាក់ និងជនបរទេស ២៩នាក់/ស្រី ១៧នាក់ មាន ០៥ជនជាតិ ដូចជា៖ ជនជាតិវៀតណាមចំនួន ០៤នាក់ (ស្រី), ជនជាតិថៃ ១៥នាក់/ស្រី ១១នាក់, ជនជាតិចិនចំនួន ០៧នាក់ (ប្រុស), ជនជាតិឥណ្ឌូណេស៊ីចំនួន ០១នាក់ (ប្រុស), ជនជាតិឡាវចំនួន ០២នាក់ (ស្រី)។ ដោយឡែក អ្នកដែលមិនពាក់ព័ន្ធបទល្មើសចំនួន ៦៥នាក់/ស្រី ២៣នាក់ ក្នុងនោះជនជាតិខ្មែរចំនួន ៤១នាក់/ស្រី ២០នាក់, ជនជាតិឥណ្ឌូណេស៊ី ២២នាក់/ស្រី ០៣នាក់, ជនជាតិចិន ០២នាក់ (ប្រុស) ពុំមានបទល្មើស និងគ្មានសារធាតុញៀន ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញា សមត្ថកិច្ចបានធ្វើការអប់រំ និងអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ។
ចំណែកជនសង្ស័យដែលពាក់ព័ន្ធចំនួន ៦៨នាក់/ស្រី ៤៨នាក់ រួមមាន៖ ជនជាតិខ្មែរចំនួន ៣៩នាក់/ស្រី ៣២នាក់, ជនជាតិថៃ ១៥នាក់/ស្រី ១១នាក់, ជនជាតិឡាវ ០២នាក់ (ស្រី), ជនជាតិវៀតណាម ០៤នាក់ (ស្រី), ជនជាតិចិន ០៧នាក់ (ប្រុស), ឥណ្ឌូណេស៊ី ០១នាក់ (ប្រុស) បានកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី។ ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមានគ្រឿងញៀន ទូរសព្ទជាច្រើនគ្រឿង រួមនឹងវត្ថុតាងជួញដូរ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។
ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

You might also like