អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង ចុះស្ទាក់ឃាត់រថយន្តមួយគ្រឿងលួចដឹកជ្រូករស់ខុសច្បាប់ ចំនួន ២៤ក្បាល

ខេត្តស្វាយរៀង៖ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង ចុះស្ទាក់ឃាត់រថយន្តលួចដឹកជ្រូករស់ខុសច្បាប់មួយគ្រឿង។
ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង ចុះឃាត់ចាប់រថយន្ត ០១គ្រឿង ម៉ាក SSANGYONG ISTANA ពាក់ស្លាកលេខ ភ្នំពេញ 2D-9552 ដឹកសត្វជ្រូករស់ចំនួន ២៤ក្បាល (ជ្រូកទម្ងន់ពី ៨០ ទៅ ១០០គីឡូក្រាម) ឃាត់នៅលើផ្លូវលំ ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ដោយរថយន្តខាងលើបានដឹកសត្វជ្រូកចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុករមាសហែក ខេត្តស្វាយរៀង ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
ក្រុមការងារបាននាំយកវត្ថុតាងបទល្មើសខាងលើមករក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
ក្នុងនាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា (CLRA) និងតំណាងឱ្យបងប្អូនកសិករ អ្នកចិញ្ចឹមសត្វទូទាំងប្រទេសកម្ពុជា យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមកោតសរសើរដោយស្មោះចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេស អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ព្រមទាំងមន្ត្រីអធិការកិច្ចបសុពេទ្យខេត្តស្វាយរៀង ដែលនៅតែបន្តខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ម៉ឺងម៉ាត់ និងមិនគិតពីការនឿយហត់ ក្នុងការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសចលនាសត្វខុសច្បាប់បានជាបន្តបន្ទាប់៕

You might also like