នារីជាងសាឡនម្នាក់ ត្រូវបានជនដៃដល់ដែលត្រូវបានគេស្គាល់ថាជាសង្សាររបស់នាង ធ្វើសកម្មភាពសម្លាប់ រួចបានយកគ្រឿងអលង្ការ និងម៉ូតូមួយគ្រឿង ជិះគេចខ្លួនបាត់។

ភ្នំពេញ៖ នារីជាងសាឡនម្នាក់ ត្រូវបានជនដៃដល់ដែលត្រូវបានគេស្គាល់ថាជាសង្សាររបស់នាង ធ្វើសកម្មភាពសម្លាប់ រួចបានយកគ្រឿងអលង្ការ និងម៉ូតូមួយគ្រឿង ជិះគេចខ្លួនបាត់។
ហេតុការណ៍នេះ ត្រូវបានប្រទះឃើញនៅ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងដីឡូតិ៍ច័ន្ទ សុវណ្ណ ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ប្រាក់ ម៉ាលីស អាយុ៣៤ឆ្នាំ មុខរបរជាជាងសាឡន និងស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ។ ចំណែកជនសង្ស័យដែលត្រូវបានសមត្ថកិច្ចសង្ស័យថាជាឃាតករ និងជាសង្សាររបស់ជនរងគ្រោះ ពុំទាន់ត្រូវបានបញ្ជាក់អត្តសញ្ញាណនៅឡើយទេ។
តាមការបញ្ជាក់ពីសមត្ថកិច្ច ជនរងគ្រោះជាស្ត្រីមេម៉ាយ និងមានកូនស្រីម្នាក់ ប៉ុន្តែកូនស្រីរបស់នាងបានទៅរស់នៅជាមួយជីដូនបង្កើត នៅក្នុងបុរីឡេង ណាវ៉ាត់ត្រា ស្ថិតក្នុងភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល។ដោយឡែក ជនរងគ្រោះបានមានទំនាក់ទំនងស្នេហាជាមួយបុរសដែលត្រូវបានសង្ស័យជាជនដៃដល់នេះ អស់រយៈពេលជាងមួយឆ្នាំមកហើយ។ នៅយប់មុនពេលប្រទះឃើញសាកសព អ្នកទាំងពីរបានស្នាក់នៅក្នុងផ្ទះកើតហេតុជាមួយគ្នា។
ប្រភពដដែលបានឱ្យដឹងថា នៅពេលនោះ មិនមាននរណាម្នាក់ដឹងថា រវាងជនរងគ្រោះ និងសង្សាររបស់នាង មានជម្លោះ ឬទំនាស់អ្វីកើតឡើងនោះទេ ហើយក្រុមគ្រួសារក៏មិនបានដឹងថា នាងត្រូវបានសម្លាប់ឡើយ ដោយស្មានថា អ្នកទាំងពីរនៅជាមួយគ្នាដោយធម្មតា។ រហូតដល់វេលាម៉ោងប្រមាណ ១២ថ្ងៃត្រង់ ថ្ងៃទី៧ ខែកញ្ញា ម្ដាយបង្កើតរបស់ជនរងគ្រោះបានធ្វើដំណើរទៅកាន់ផ្ទះកូនស្រីពេលទៅដល់ ម្ដាយបានចាក់សោបើកទ្វារចូលទៅក្នុងផ្ទះ ហើយស្រាប់តែប្រទះឃើញកូនស្រីដេកស្លាប់ក្នុងស្ថានភាពអាក្រាតកាយ នៅក្នុងបន្ទប់ឡៅតឿ។ ការប្រទះឃើញសាកសពនេះ បានធ្វើឱ្យម្ដាយរបស់ជនរងគ្រោះមានការភ្ញាក់ផ្អើល និងបានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះពិនិត្យ និងស្រាវជ្រាវរកមូលហេតុពិតប្រាកដ។
តាមការសង្ស័យរបស់សមត្ថកិច្ច ជនដៃដល់ដែលជាសង្សាររបស់ជនរងគ្រោះ បានធ្វើសកម្មភាពសម្លាប់នាង រួចយកគ្រឿងអលង្ការ និងម៉ូតូម៉ាកហុងដាឃ្លីកមួយគ្រឿងរបស់នាង ជិះគេចខ្លួនចេញពីកន្លែងកើតហេតុ។
ក្រោយទទួលបានព័ត៌មាន នគរបាលមូលដ្ឋានបានចុះទៅកាន់ទីតាំងកើតហេតុភ្លាមៗ រួចរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការពិនិត្យ និងកោសល្យវិច័យលើសាកសព។
តាមការពិនិត្យបឋមរបស់សមត្ថកិច្ច ជនរងគ្រោះត្រូវបានសង្ស័យថា ត្រូវជនដៃដល់យកខ្នើយខ្ទប់មុខ និងច្របាច់ក រហូតដល់បាត់បង់ជីវិត មុនពេលយកទ្រព្យសម្បត្តិមួយចំនួន និងម៉ូតូរបស់នាងជិះគេចខ្លួន។
សមត្ថកិច្ចជំនាញកំពុងបន្តការស្រាវជ្រាវ ប្រមូលភស្តុតាង និងកំណត់អត្តសញ្ញាណជនសង្ស័យ ដើម្បីឈានទៅតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ចំពោះសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

You might also like