លោកឧកញ៉ា ស្រី ចាន់ថន និងក្រុមការងារ ចុះសួរសុខទុក្ខ ចែកលិខិតសរសើរ ពិសាអាហារសាមគ្គី និងស្វាគមន៍សមាជិកថ្មី ជាមួយបងប្អូនខ្មែរនៅទីក្រុង Salem រដ្ឋ Oregon
សហរដ្ឋអាមេរិក៖ នារសៀលថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ លោកឧកញ៉ា ស្រី ចាន់ថន រួមជាមួយក្រុមការងារ បានអញ្ជើញទៅកាន់គេហដ្ឋានលោក ពុធ កុសល នៅទីក្រុង Salem រដ្ឋ Oregon ដើម្បីជួបសួរសុខទុក្ខ សំណេះសំណាល ចែកលិខិតសរសើរ និងពិសាអាហារគ្រួសារសាមគ្គីជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ព្រមទាំងស្វាគមន៍សមាជិកថ្មីផងដែរ។
កម្មវិធីនេះមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋខ្មែរនៅទីក្រុង Salem ដោយមានលោក ស៊ីម សឿន ប្រធានយុវជនប្រចាំក្រុង Salem តំណាងបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងតំបន់។ ការជួបជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល កក់ក្តៅ និងសោមនស្សរីករាយ។
ក្នុងឱកាសនោះ លោកឧកញ៉ា ស្រី ចាន់ថន បានពាំនាំនូវបណ្តាំសួរសុខទុក្ខ ក្តីនឹករឭក និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ប្រកបការងារ និងធ្វើអាជីវកម្មនៅសហរដ្ឋអាមេរិក។
ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋខ្មែរនៅទីក្រុង Salem បានសម្តែងនូវក្តីនឹករឭកចំពោះមាតុភូមិ និងផ្តាំផ្ញើនូវការគោរព ស្រឡាញ់ និងពាក្យជូនពរដល់ថ្នាក់ដឹកនាំកម្ពុជា តាមរយៈលោកឧកញ៉ា ស្រី ចាន់ថន។ បងប្អូនក៏បានបង្ហាញនូវស្មារតីចង់ចូលរួមចំណែកជាមួយសង្គម និងមាតុភូមិកម្ពុជា តាមលទ្ធភាព និងសមត្ថភាពរៀងៗខ្លួន។
ជាពិសេស ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងប្រឈមនឹងបញ្ហា និងភាពតានតឹងពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ បងប្អូនប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក បានសម្តែងនូវក្តីបារម្ភ ការឈឺចាប់ និងការអាណិតអាសូរចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរដែលរងផលប៉ះពាល់ និងបាត់បង់ទីលំនៅនៅតាមតំបន់ព្រំដែន។ ជាមួយគ្នានេះ ក៏បានចូលរួមរំលែកទុក្ខចំពោះកងកម្លាំងប្រដាប់អាវុធកម្ពុជា ដែលបានលះបង់ជីវិតក្នុងបុព្វហេតុការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។
វត្តមានរបស់លោកឧកញ៉ា ស្រី ចាន់ថន និងក្រុមការងារ ក្នុងឱកាសនេះ បានបង្ហាញឱ្យឃើញថា ទោះបីបងប្អូនខ្មែររស់នៅទីណាក៏ដោយ ក្តីស្រឡាញ់ចំពោះមាតុភូមិ និងសាមគ្គីភាពរបស់ជាតិខ្មែរ នៅតែមានភាពរឹងមាំ។ ចម្ងាយភូមិសាស្ត្រមិនអាចបំបែកចំណងទំនាក់ទំនង ក្តីស្រឡាញ់ និងក្តីនឹករឭករវាងខ្មែរនិងខ្មែរបានឡើយ។
ការជួបសំណេះសំណាល និងពិសាអាហារគ្រួសារសាមគ្គីនៅគេហដ្ឋានបងប្អូនប្រជាពលរដ្ឋខ្មែរនាពេលនេះ ក៏ជាការបង្ហាញពីស្មារតីរួបរួម សាមគ្គីភាព និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ ព្រឹត្តិការណ៍នេះក៏បានរួមចំណែកពង្រឹងចំណងមិត្តភាព និងក្តីស្រឡាញ់ចំពោះមាតុភូមិ កាន់តែរឹងមាំ ទោះបីបងប្អូនខ្មែររស់នៅឆ្ងាយពីប្រទេសកម្ពុជាក៏ដោយ។
អត្ថបទដោយៈ លោក តាំង វង្សរតនៈ








