អ្នកនាំពាក្យក្រសួងព័ត៌មាន រំលឹកអ្នកសារព័ត៌មានឱ្យពង្រឹងក្រមសីលធម៌ និងការប្រតិបត្តិតាមលិខិតបទដ្ឋានគតិយុត្ត

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាស្តីពី «ការរាយការណ៍ព័ត៌មាន ដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ» នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវ ដល់អ្នកសារព័ត៌មានទាំងអស់ ឱ្យខិតខំស្រាវជ្រាវបន្ថែមអំពីច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ និងបង្កើនការស្វែងយល់ អំពីលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យព័ត៌មាន។

ក្នុងកិច្ចប្រជុំ ដែលមានការចូលរួមពីមន្ត្រីជំនាញក្រសួង និងតំណាងអង្គការដៃគូអភិវឌ្ឍន៍អន្តរជាតិ រួមមាន Plan International, Save the Children, World Vision, UNICEF និង CARE ប្រចាំនៅកម្ពុជា លោកបានគូសបញ្ជាក់ថា ការពង្រឹងចំណេះដឹងផ្នែកច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ គឺជាកត្តាសារវន្តដើម្បីធានាថា ការផលិត និងផ្សព្វផ្សាយព័ត៌មាន មិនបំពានសិទ្ធិអ្នកដទៃ ជាពិសេសកុមារ ស្ត្រី ចាស់ជរា និងជនមានពិការភាព ព្រមទាំងចូលរួមលើកកម្ពស់តម្លៃសារព័ត៌មាន ឱ្យកាន់តែមានទំនុកចិត្តពីសាធារណជន។

លោកអនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់បន្ថែមថា ក្នុងនាមជាអ្នកសារព័ត៌មាន និងអ្នករាយការណ៍ព័ត៌មាន គេមិនគួរយកលេសថា ខ្លួនមិនដឹងអំពីច្បាប់ មិនបានដឹងពីក្រមសីលធម៌ ឬខ្វះការយល់ដឹងពីវិជ្ជាជីវៈ ដើម្បីគេចវេសពីការទទួលខុសត្រូវបានឡើយ។

លោកបានមានប្រសាសន៍បន្ថែមថា៖ «ការប្រកាន់ខ្ជាប់នូវការគោរពច្បាប់ សីលធម៌សង្គម និងនិយាមនៃការផ្សាយព័ត៌មាន គឺជាកាតព្វកិច្ចចម្បង ដើម្បីធានាថារាល់ការផ្សព្វផ្សាយមិនរំលោភលើសិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូររបស់ក្រុមជនងាយរងគ្រោះ ជាពិសេសចៀសវាង ដាច់ខាតនូវការធ្វើឱ្យពួកគេក្លាយជាជនរងគ្រោះបន្ថែម ឬជនរងគ្រោះទ្វេដងដោយសារតែ ការរាយការណ៍ ឬមាតិការបស់ខ្លួន។

សូមបញ្ជាក់ជូនថា ក្រសួងព័ត៌មានបានដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន សម្រាប់ជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃក្រមសីលធម៌សារព័ត៌មាន សម្រាប់ឱ្យសមាគម និងអ្នកសារព័ត៌មានយកទៅអនុវត្តក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីពង្រឹងគុណភាព និងលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈ និងការពារពីការប្រឈមមុខចំពោះមុខច្បាប់ធ្ងន់ធ្ងរ។

លោក ទេព អស្នារិទ្ធ បានបញ្ជាក់បន្ថែមថា ក្រសួងព័ត៌មាននឹងរៀបចំសិក្ខាសាលាស្តីពី «ការរាយការណ៍ព័ត៌មាន ដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ» នៅចុងខែកញ្ញាខាងមុខនេះ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

តាមគម្រោង សិក្ខាសាលានេះនឹងមានអ្នកចូលរួមពីតំណាងអន្តរក្រសួង អង្គការដៃគូ តំណាងក្រុមជនងាយរងគ្រោះ អ្នកសារព័ត៌មាន សមាគមសារព័ត៌មាន និងអ្នកបង្កើតមាតិកាដើម្បីស្តាប់សំឡេង និងប្រមូលធាតុចូល ដើម្បីគាំទ្រដល់គោលដៅរួម និងឆ្លើយតបទៅនឹងតម្រូវការសង្គម សំដៅលើកកម្ពស់ការការពារសិទ្ធិជនងាយរងគ្រោះ ព្រមទាំងបង្កើនគុណតម្លៃ និងទំនុកចិត្ត លើវិស័យសារព័ត៌មាននៅកម្ពុជា។

លោកបានសម្តែងនូវក្តីសុទិដ្ឋិនិយមថា ក្រោយពេលដែលក្រសួងព័ត៌មាន នឹងប្រកាសដាក់ឱ្យប្រើប្រាស់ «គោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មាន សំដៅការពារសិទ្ធិជនងាយរងគ្រោះ» អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងភាគីពាក់ព័ន្ធទាំងអស់ នឹងខិតខំស្វែងយល់ឱ្យបានស៊ីជម្រៅ និងយកទៅអនុវត្តដោយការទទួលខុសត្រូវបន្ថែម លើលិខិតបទដ្ឋានជាធរមានស្រាប់ ដើម្បីចូលរួមលើកកម្ពស់សណ្តាប់ធ្នាប់សារព័ត៌មាន ការផ្សាយព័ត៌មាន និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈនៅកម្ពុជា ឱ្យកាន់តែល្អប្រសើរឡើង។

សូមបញ្ជាក់ថា គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ នេះ អង្គភាពសារព័ត៌មាន ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានមានប្រមាណជាង ១ ៦០០ អង្គភាពទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងបែបថ្មី កំពុងអនុវត្តការងាររបស់ខ្លួន នៅទូទាំងប្រទេស៕

 

You might also like