១ឆ្នាំ នៃការដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ បានទទួលអ្នកដំណើរប្រមាណ ២.៤លាននាក់
ភ្នំពេញ៖ គិតត្រឹមត្រីមាសទី១ និងត្រីមាសទី២ ឆ្នាំ ២០២៦ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) បានទទួលអ្នកដំណើរប្រមាណ ២.៤ លាននាក់។ ទន្ទឹមនឹងនេះ ប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍នៅអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ក៏បានបន្តពង្រីកសេវាកម្មថែទាំយន្តហោះ តាមរយៈក្រុមហ៊ុន TIA Engineering Services រួមជាមួយនឹងសេវាកម្មដីគោក (Ground handling) ការ ដឹកជញ្ជូនទំនិញ សុវត្ថិភាព និងសន្តិសុខ។ នេះបើយោងតាមរបាយការណ៍ គម្រប់ខួប១ឆ្នាំនៃការដាក់ឱ្យដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) និងសមិទ្ធផលសំខាន់ៗ ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦នេះ។
តាមរបាយការណ៍ បានបញ្ជាក់ថា ក្នុងនោះសមិទ្ធផល និងព្រឹត្តិការណ៍សំខាន់ៗ ក្នុងរយៈពេល១ឆ្នាំ របស់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) រួមាន ការផ្ទេរប្រតិបត្តិការដោយរលូន ខណៈនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវអាកាស សម្រាប់រាជធានីភ្នំពេញត្រូវបានផ្ទេរមកអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ដោយជោគជ័យ ដែលចាប់ផ្តើមជើងហោះហើរដំបូងដោយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia (K6611)។
ចំណែក សមត្ថភាព និងស្តង់ដាអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ត្រូវបានអភិវឌ្ឍលើផ្ទៃដីប្រ មាណ ២,៦០០ហិកតា ជាមួយទុនវិនិយោគប្រមាណ ២.៣ ពាន់លានដុល្លារអាមេរិក និងជាអាកាសយានដ្ឋាន កម្រិត ICAO Code 4F ដែលអាចទទួលយន្តហោះខ្នាតធំ ដូចជា Airbus A380 និង Boeing 747។ ដំណាក់កាល ទី១ មានសមត្ថភាពទទួលអ្នកដំណើរប្រមាណ ១៣-១៥ លាននាក់ក្នុងមួយឆ្នាំ និងអាចពង្រីកសមត្ថភាពជាបន្ត បន្ទាប់ដល់ ៣០ លាននាក់ និង ៥០ លាននាក់ តាមដំណាក់កាលនៃការអភិវឌ្ឍ។
ចំពោះសមត្ថភាពគ្រប់គ្រងស្ថានការណ៍បន្ទាន់/អាសន្ន៖ ក្នុងអំឡុងព្យុះទីហ្វុង Ragasa ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ TIA បានគាំទ្រការបង្វែរជើងហោះហើរ និងទទួលចតបណ្តោះអាសន្នយន្តហោះ Cathay Pacific ចំនួន ១៣ គ្រឿង ដែលសមត្ថភាពនេះបានបង្ហាញពីការត្រៀមខ្លួនរួចរាល់ផ្នែកប្រតិបត្តិការ សមត្ថភាព តំបន់ប្រតិបត្តិការយន្តហោះ និងស្តង់ដាសុវត្ថិភាព ព្រមទាំងសមត្ថភាពក្នុងការគ្រប់គ្រងស្ថានការណ៍បន្ទាន់ទ្រង់ ទ្រាយធំរបស់ក្រុមហ៊ុនអាកាសចរណ៍។
ក្រៅពីនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) បានពង្រីកបណ្តាញតភ្ជាប់អន្តរជាតិ៖ ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways បានបើកជើងហោះហើរ ត្រង់រវាង Abu Dhabi និង Phnom Penh នៅខែតុលា ២០២៥ និងក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines បានបើកជើងហោះហើររវាង Istanbul និង Phnom Penh នៅខែធ្នូ ២០២៥។ ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរ ណ៍ជាតិកម្ពុជា Air Cambodia (K6) បានបន្តពង្រីកបណ្តាញជើងហោះហើរពី TIA រួមមានការតភ្ជាប់ទៅ Tokyo តាមរយៈ Fuzhou, Dara Sakor, Da Nang និង Phu Quoc។
ក្នុងមួយឆ្នាំនេះ កំណើនប្រតិបត្តិការ និងប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍របស់ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) គិតត្រឹមត្រីមាសទី១ និងត្រីមាសទី២ ឆ្នាំ ២០២៦ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) បានទទួលអ្នកដំណើរប្រមាណ ២.៤ លាននាក់។ ទន្ទឹមនឹងនេះ ប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍នៅអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ក៏បានបន្តពង្រីកសេវាកម្មថែទាំយន្តហោះ តាមរយៈ ក្រុមហ៊ុន TIA Engineering Services រួមជាមួយនឹងសេវាកម្មដីគោក (Ground handling) ការ ដឹកជញ្ជូនទំនិញ សុវត្ថិភាព និងសន្តិសុខ។
ចំពោះការ អភិវឌ្ឍកងយន្តហោះ និងការតភ្ជាប់ក្នុងស្រុក/តំបន់៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុន អាកាសចរណ៍ Cambodia Airways បាននាំចូលយន្តហោះ ATR72-600 ថ្មីមួយគ្រឿងនៅអាកាសយានដ្ឋានអន្តរជាតិ តេជោ (TIA) ដើម្បីគាំទ្រដល់ការពង្រីកបណ្តាញជើងហោះហើរ និងការតភ្ជាប់រវាងភ្នំពេញ សៀមរាប និងព្រះសីហនុ។
អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ក៏ទទួលបានការស្គាល់ជាអន្តរជាតិ ដោយបានជាប់ចំណាត់ថ្នាក់លេខ ៥ លើពិភពលោកក្នុងចំណោម World’s Best New Airport Terminals 2026 របស់ Skytrax World Airport Awards។ ជាមួយគ្នានេះ TIA ក៏ត្រូវបាន Prix Versailles ជ្រើសរើសជាអាកាសយានដ្ឋានមួយក្នុងចំណោម World’s Most Beautiful Airports 2026 ដែលជាការទទួលស្គាល់ចំពោះគុណភាព បទពិសោធន៍អ្នកដំណើរ ស្ថាបត្យកម្ម និងការរួមបញ្ចូលអត្តសញ្ញាណវប្បធម៌ខ្មែរ។
បើតាមរបាយការណ៍ដដែលបានបញ្ជាក់ថា ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) កំពុងបន្តការងារ និងអាទិភាពឆ្នាំទី២ ដោយស្ថានីយទំនិញថ្មីមានទំហំប្រមាណ ៤ ហិកតា ដែលរំពឹងថានឹងមានសមត្ថភាពប្រមាណពីរដងនៃស្ថានីយបច្ចុប្បន្ន និងស្ថានីយ VVIP ថ្មី កំពុងឈានដល់ការបញ្ចប់ការសាងសង់ និងគ្រោងដាក់ឱ្យដំណើរការនៅ ខែវិច្ឆិកា ឆ្នាំ ២០២៦ ខាងមុខនេះ។
ក្នុងឆ្នាំទី២ អាទិភាពសំខាន់ៗនឹងផ្តោតលើការពង្រីកបណ្តាញជើងហោះហើរ ការពង្រឹង ភស្តុភារ និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស បង្កើនការតភ្ជាប់ពហុមធ្យោបាយ និងជំរុញសមាហរណកម្ម ជាមួយវិស័យទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ការវាយតម្លៃមួយចំនួនក្នុងវិស័យ ឧស្សាហកម្មបង្ហាញថា អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) និងគម្រោងអភិវឌ្ឍទីក្រុងរណបជុំវិញអាកាស យានដ្ឋាន អាចរួមចំណែករហូតដល់ ៥% ដល់កំណើន GDP ប្រចាំឆ្នាំរបស់កម្ពុជា។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសស៊ីវិល បានថ្លែងថា «សមិទ្ធផលដ៏សំខាន់ក្នុងឆ្នាំដំបូង មិនមែនត្រឹមតែការបើកអាកាសយានដ្ឋានថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតដោយ ជោគជ័យនូវច្រកចេញចូលតាមផ្លូវអាកាសដែលមានសុវត្ថិភាព ទំនើប និងទទួលស្គាល់ជាអន្តរជាតិ សម្រាប់ព្រះ រាជាណាចក្រកម្ពុជា។ ជំហានបន្ទាប់ គឺប្រើប្រាស់សមត្ថភាពនេះឱ្យបានពេញលេញ ដើម្បីភ្ជាប់កម្ពុជាទៅកាន់ទីក្រុង ទីផ្សារ ភ្ញៀវទេសចរ វិនិយោគិន និងឱកាសសេដ្ឋកិច្ចកាន់តែច្រើន»៕






